ប្រធានាធិបតីហ្វីលីពីនមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម៖ ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងហ្វីលីពីន

Chia sẻ

(VOVWORLD) - នាថ្ងៃទី ២៩ មករា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. និងលោកជំទាវនឹងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅវៀតណាម (ថ្ងៃទី ២៩-៣០ ខែមករា) តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវ។

ប្រធានាធិបតីហ្វីលីពីនមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម៖ ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងហ្វីលីពីន - ảnh 1ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr.។ (រូបថត៖ VNA)

ថ្លែងទៅកាន់សារព័ត៌មានអំពីព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន លោក Lai Thai Binh បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះនឹងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំរវាងប្រទេសទាំងពីរ ពង្រឹងទំនុកចិត្តខាងនយោបាយនៅគ្រប់កម្រិតខ្ពស់បំផុត បង្កើតសន្ទុះជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ លើគ្រប់កម្រិត រួមទាំងបក្ស រដ្ឋាភិបាល រដ្ឋ រដ្ឋសភា និងប្រជាជន។ ដំណើរទស្សនកិច្ចក៏មានអត្ថន័យសំខាន់សម្រាប់ការពង្រឹងចំណងសាមគ្គីភាពនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងតួនាទីមជ្ឈភាពរបស់អាស៊ានផងដែរ។ តាមរយៈដំណើរទស្សនកិច្ចនេះ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹងគ្រប់ជ្រុងជ្រោយ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើត និងថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាលើពិភពលោក។ លោកឯកអគ្គរដ្ឋទូត Lai Thai Binh បានឲ្យដឹងថា តាមការគ្រោងទុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនឹងធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួនលើវិស័យ នយោបាយ - សន្តិសុខ សេដ្ឋកិច្ច - ពាណិជ្ជកម្ម វប្បធម៌ អប់រំ ទេសចរណ៍ កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកសិកម្ម និងការធានាសន្តិសុខស្បៀងអាហារ។

តាមលោកឯកអគ្គរដ្ឋទូត Lai Thai Binh នាពេលខាងមុខ ភាគីទាំងពីរនឹងផ្តល់អាទិភាពលើការជំរុញចំណុចសំខាន់ៗមួយចំនួនក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីដូចជា៖ នយោបាយ-សន្តិសុខ; ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន; សេដ្ឋកិច្ច-ពាណិជ្ជកម្ម ខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឆាប់សម្រេចបានគោលដៅ ១០ ពាន់លានដុល្លារអាមេរិក (កាលពីឆ្នាំមុនសម្រេចបាន ៧,៨ ពាន់លានដុល្លារអាមេរិក)៕

ប្រតិកម្មទៅវិញ