ថ្លែងមតិបន្ទាប់ពីសន្និសីទតាមអ៊ីនធឺរណែតជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ប្រធានាធិបតីបារាំងលោក Emmanuel Macron បានឲ្យដឹងថា ការនាំចូលឧស្ម័នរុស្ស៊ីរបស់អឺរ៉ុបក្នុងរយៈពេលប៉ុន្មានខែមុននេះ បានធ្លាក់ចុះពី ៥០% មកត្រឹមតែ ៩% ដូចបច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយ ទាំងបារាំង និងអាល្លឺម៉ង់នៅតែត្រូវរៀបចំសម្រាប់សេណារីយ៉ូដ៏អាក្រក់បំផុត ដែលរុស្ស៊ីបញ្ឈប់ទាំងស្រុងការផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុប។
ប្រធានាធិបតីបារាំង លោក Macron បានបន្តអំពាវនាវឱ្យពន្លឿនកំណែទម្រង់ទីផ្សារអគ្គិសនី និងបង្កើនការតភ្ជាប់ប្រព័ន្ធអគ្គិសនីនៅអឺរ៉ុប។ ប្រទេសបារាំង និងអាល្លឺម៉ង់បានឯកភាពគ្នាថា គណៈកម្មការអឺរ៉ុប (EC) ត្រូវការដាក់ទណ្ឌកម្ម ដើម្បីបង្ខំឱ្យសាជីវកម្មថាមពលបង្កើនការរួមចំណែក និងចែករំលែកប្រាក់ចំណេញដ៏ធំសម្បើម ដែលមានពីការកើនឡើងនៃតម្លៃថាមពល ជាពិសេសតម្លៃអគ្គិសនី ដើម្បីជួយឧបត្ថម្ភប្រជាជន៕