ប្រទេស​ប៉េរូ ប្រកាសស្ថាន​​ភាពអាសន្ន ក្នុងរដ្ឋធានីលីម៉ា

Chia sẻ
(VOVWORLD) - រដ្ឋាភិបាលប៉េរូ កាលពីថ្ងៃទី១៥ ខែមករា បានប្រកាសស្ថានភាពអាសន្ននៅរដ្ឋធានីលីម៉ា និងតំបន់មួយចំនួនទៀតដោយសារតែបាតុកម្មបានផ្ទុះឡើងក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។ 
ប្រទេស​ប៉េរូ ប្រកាសស្ថាន​​ភាពអាសន្ន ក្នុងរដ្ឋធានីលីម៉ា - ảnh 1ប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីទប់ស្កាត់ចលាចលហិង្សា ក្នុងទីក្រុង Cusco ប្រទេសប៉េរូ ថ្ងៃទី ១១ មករា។ (រូបថត៖ AFP)

អនុក្រឹត្យមានសុពលភាពក្នុងរយៈពេល៣០ថ្ងៃ អនុញ្ញាតឲ្យកងទ័ពធ្វើអន្តរាគមន៍ ដើម្បីរក្សាសណ្តាប់ធ្នាប់សន្តិសុខ និងរឹតត្បិតសកម្មភាពធ្វើដំណើរ ប្រមូលផ្តុំគ្នា។

ប្រទេសប៉េរូកំពុងជួបប្រទះវិបត្តិនយោបាយសង្គមយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីលោកប្រធានាធិបតី Pedro Castillo បានប្រកាសរំសាយរដ្ឋសភា បង្កើតរដ្ឋាភិបាលបន្ទាន់ និងអំពាវនាវឱ្យរៀបចំការបោះឆ្នោតនីតិបញ្ញត្តិថ្មី។ ចំណាត់ការនេះត្រូវបានតុលាការធម្មនុញ្ញ តុលាការកំពូល ក៏ដូចជាសមាជិកសភាប៉េរូប្រឆាំងជំទាស់យ៉ាងខ្លាំង។ អ្នកប្រឆាំងបានចាត់ទុកថានេះជាទង្វើនៃ«រដ្ឋប្រហារ»។ នៅថ្ងៃទី ៧ ខែធ្នូឆ្នាំ ២០២២ រដ្ឋសភាប៉េរូបានបោះឆ្នោតដកហួតតំណែងរបស់លោក Castillo ។ នៅថ្ងៃទី ៧ ខែធ្នូឆ្នាំ ២០២២ អនុប្រធានាធិបតី Dina Boluarte បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន ហើយបានក្លាយជាប្រធានាធិបតីស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រនៃប្រទេសអាមេរិកខាងត្បូង បន្ទាប់ពី Pedro Castillo ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃតែមួយ។

ហេតុការណ៍នេះបានបំផ្ទុះឡើងនូវរលកបាតុកម្ម ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤២ នាក់បានស្លាប់។ បាតុករបានអំពាវនាវឱ្យធ្វើកូដកម្មទូទាំងប្រទេស កោះហៅក្រុមប្រឹក្សាបង្កើតរដ្ឋធម្មនុញ្ញ បិទទ្វាររដ្ឋសភា និងទាមទារឱ្យប្រធានាធិបតី លោកស្រី Dina Boluarte លាលែងពីតំណែង ដោះលែងអតីតប្រធានាធិបតី Pedro Castillo ហើយបើកដំណើរការបោះឆ្នោតនិងផ្សព្វផ្សាយរដ្ឋធម្មនុញ្ញថ្មីឲ្យបានឆាប់ៗ៕

ប្រតិកម្មទៅវិញ