យោងតាមគេហទំព័រ worldometers.info បានធ្វើស្ថិតិថា គិតត្រឹមម៉ោង១ព្រឹកថ្ងៃ ទី៣០ ខែវិច្ឆិកា (ម៉ោង UTC) លើទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួន២៦២.៣២៣.៣៨២នាក់ ក្នុងនោះករណីស្លាប់ចំនួន ៥.២២៣.៨៣៧ នាក់។
អាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយបានរក ឃើញករណីឆ្លង កូវីដ-១៩ខ្ពស់បំផុតលើពិភពលោកក្នុងរយៈពេល២៤ម៉ោងកន្លងមក ដោយមានចំនួន៥៣.៧៧៤នាក់ និងករណីស្លាប់ចំនួន៣១២នាក់។ នៅចំពោះមុខការ កើតមានឡើងនៃវីរុសបំប្លែងថ្មី Omicron លោកប្រធានាធិបតី Joe Biden បានអន្ទងចិត្តប្រជាជនថា មហាអំណាចសេដ្ឋកិច្ចធំបំផុតលើពិភពលោកនេះ បានត្រៀមខ្លួនជា ស្រេចឆ្លើយតបនឹងវីរុស SARS-CoV-2 បំប្លែងថ្មីនេះ ព្រមទាំងសន្យាពន្លឿនល្បឿន អភិវឌ្ឍវ៉ាក់សាំងក្នុងករណីចាំបាច់ផងដែរ។ អាមេរិកបានអនុវត្តន៍បទហាមឃាត់ ចូល ប្រទេសចំពោះភ្ញៀវទេសចរមកពីប្រទេសចំនួន៨នៅតំបន់ភាគខាងត្បូងទ្វីបអាហ្វ្រិក សំដៅទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មី Omicron។
ក្នុងពេលជាមួយគ្នានោះ គុយបាបានបង្កើនវិធានការត្រួតពិនិត្យជនអន្តោ ប្រវេសន៍មកពីទ្វីបអាហ្វ្រិក។ តាមនោះជនអន្តោប្រវេសន៍មកពីប្រទេសអាហ្វ្រិក មួយចំនួន ត្រូវប្រតិបត្តិតាមវិធានការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតជាច្រើន រួមមានការ បង្ហាញលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងគ្រប់គ្រាន់ មានលទ្ធផលធ្វើតេស្ត PCR អវិជ្ជមាន ៣លើក ហើយត្រូវធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ។
ឈីលីបានប្រកាសបទហាមឃាត់ចូលប្រទេស ចាប់ពីថ្ងៃទី១ ធ្នូ ចំពោះជន បរទេសដែលមកពីឬធ្លាប់មានវត្តមាននៅអាហ្វ្រិកខាងត្បូងនិងប្រទេសអាហ្វ្រិកចំនួន៦ផ្សេងទៀត ក្នុងរយៈពេល១៤ថ្ងៃកន្លងមក។ ចំណែកឯជប៉ុនបានបង្កើនការឃ្លាំមើល ចំពោះមនុស្សដែលវិលត្រឡប់មកពីប្រទេសឬតំបន់ដែនដីនានាដែលបានគូសបញ្ជាក់នូវការកើតមាននៃវីរុសបំប្លែងថ្មី Omicron៕