អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នាថ្ងៃទី ២២ ឧសភាបានប្រកាសថា ចិនជានិច្ចកាលគាំទ្រយ៉ាងប្ដូរផ្ដាច់ចំពោះបុព្វហេតុសុចរិតរបស់ប្រជាជនប៉ាឡេស្ទីនក្នុងការស្តារសិទ្ធិជាតិស្របច្បាប់ ហើយនឹងបន្តសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ដើម្បីដើរតួនាទីដែលមានលក្ខណៈស្ថាបនា សំដៅជំរុញដំណោះស្រាយលើគ្រប់ជ្រុងជ្រោយ យុត្តិធម៌ និងយូរអង្វែងចំពោះបញ្ហាប៉ាឡេស្ទីន។
នាថ្ងៃដដែល សេតវិមានបានលើកច្បាស់ថា ប្រធានាធិបតីអាមេរិកលោក Joe Biden ជឿជាក់ថា ចាំបាច់ត្រូវសម្រេចឲ្យបានគោលដៅបង្កើតរដ្ឋប៉ាឡេស្ទីន តាមរយៈការចរចា ពោលគឺមិនមែនជាការទទួលស្គាល់ដោយឯកតោភាគីឡើយ។ ថ្លែងបន្ទាប់ពីប្រទេសមួយចំនួនបាននិយាយថា នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនក្នុងខែនេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបានលើកច្បាស់ថា លោកប្រធានាធិបតី Biden តែងតែគាំទ្រយ៉ាងខ្លាំងក្លាចំពោះដំណោះស្រាយរដ្ឋ ២ ហើយលោកបានឲ្យដឹងថា រដ្ឋប៉ាឡេស្ទីនចាំបាច់ត្រូវលេចចេញជារូបរាងតាមរយៈការចរចាផ្ទាល់រវាងភាគីពាក់ព័ន្ធនានា។
ក្នុងពេលនោះ អ្នកនាំពាក្យក្រសួងការបរទេសអាស្លឺម៉ង់បានសង្កត់ធ្ងន់លើការគាំទ្ររបស់ទីក្រុងប៊ែរឡាំងចំពោះដំណោះស្រាយរដ្ឋពីរ ដោយបញ្ជាក់ថា រដ្ឋប៉ាឡេស្ទីនឯករាជ្យនៅតែជាគោលដៅរឹងមាំក្នុងគោលនយោបាយការបរទេសរបស់អាល្លឺម៉ង់។
រដ្ឋមន្ត្រីការបរទេសបារាំង លោក Stephane Sejourne បានឲ្យដឹងថា ទីក្រុងប៉ារីសបានវាយតម្លៃលើ លក្ខខណ្ឌដើម្បីទទួលស្គាល់ ប៉ាឡេស្ទីន ជារដ្ឋមួយ ជាផ្លូវការ ដែលមិនទាន់ត្រូវបានឆ្លើយតបឡើយ។បច្ចុប្បន្ននេះ ប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ចំនួន ៨ បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនហើយ៕