នាថ្ងៃទី ២៨ កញ្ញា ក្រុមប្រដាប់អាវុធក្នុងតំបន់ជាច្រើនបានចេញសេចក្តីប្រកាស ដោយបង្ហាញពីសាមគ្គីភាពនិងការប្រកៀកស្មាជាមួយក្រុមហេសបូឡាដើម្បីប្រឆាំងនឹងអ៊ីស្រាអែល។ នៅក្នុងប្រទេសអ៊ីរ៉ង់ យេម៉ែន និងស៊ីរី បាតុកម្មទ្រង់ទ្រាយធំជាច្រើនដែលមានចំនួនមនុស្សចូលរួមរាប់ពាន់នាក់ បានផ្ទុះឡើងដើម្បីសម្តែងការខឹងសម្បារចំពោះការធ្វើឃាតមេដឹកនាំហេសបូឡា។
មេដឹកនាំចលនា Hezbollah នៅប្រទេសលីបង់ Hassan Nasrallah។ រូបថត៖ AFP/TTXVN |
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានថ្កោលទោសអ៊ីស្រាអែលចំពោះការធ្វើឃាតមេដឹកនាំហេសបូឡា ហើយបានបញ្ជាក់ថា អ៊ីរ៉ង់និងសម្ព័ន្ធមិត្តរបស់ខ្លួននឹងបន្តរួបរួមគ្នាគាំទ្រក្រុមហេសបូឡា។ ក្រសួងការបរទេសអ៊ីរ៉ង់ និងមន្ត្រីជាន់ខ្ពស់មួយចំនួនបានសម្តែងការរំលែកទុក្ខ ដោយសរសើរលោក Nasrallah ជា "និមិត្តរូបនៃការតស៊ូប្រឆាំងនឹងការសង្កត់ជិះជាន់"។ អ៊ីរ៉ង់បានប្រកាសកាន់ទុក្ខជាតិរយៈពេល៥ថ្ងៃ ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធលោក Hassan Nasrallah។
នៅថ្ងៃដដែល ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានថ្កោលទោសអ៊ីស្រាអែលចំពោះការអនុវត្តអំពើប្រល័យពូជសាសន៍នៅលីបង់ ហើយបានឲ្យដឹងថា ប្រទេសនេះនឹងប្រកៀកស្មាជាមួយប្រជាជន និងរដ្ឋាភិបាលលីបង់ ព្រមទាំងអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទប់ស្កាត់ការវាយប្រហាររបស់អ៊ីស្រាអែល ក៏ដូចជាអំពាវនាវដល់ពិភពឥស្លាមឲ្យបង្ហាញពីគោលជំហរម៉ឺងម៉ាត់ជាង។
កងកម្លាំងហាម៉ាស និងហូធី បានសម្តែងការសោកស្ដាយចំពោះការស្លាប់របស់មេដឹកនាំហេសបូឡា ហើយបានថ្កោលទោសទង្វើឈ្លានពានរបស់អ៊ីស្រាអែល ដោយចាត់ទុកថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើតំបន់លំនៅដ្ឋានក្នុងប្រទេសលីបង់ គឺជាអំពើភេរវកម្មនិងជាឧក្រិដ្ឋកម្មសម្លាប់រង្គាល។
ក្នុងពេលនោះ ក្រសួងការបរទេសបារាំងបានឲ្យដឹងថា ប្រទេសនេះបានទាក់ទងជាមួយរដ្ឋាភិបាលលីបង់ និងដៃគូក្នុងតំបន់ ដើម្បីទប់ស្កាត់ស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង៕