ប្រជាជន Bahnar នៅខេត្ត Gia Lai ផលិតកាហ្វេតាមស្តង់ដារនាំចេញ

Chia sẻ
(VOVWORLD) -  Dak Doa គឺជាតំបន់មួយក្នុងចំណោមតំបន់កាហ្វេវត្ថុធាតុដើមប្រពៃណីរបស់ខេត្ត Gia Lai។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការសម្របខ្លួនទៅនឹងនិន្នាការទីផ្សារយ៉ាងឆាប់រហ័ស និងមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកនាំចេញកាហ្វេ ហេតុដូច្នេះ ប្រជាជននៅទីនេះកំពុងផ្លាស់ប្តូររបៀបនៃការផលិតកាហ្វេបែបប្រពៃណីទៅជាកាផលិតតាមស្តង់ដាសកលសម្រាប់ការនាំចេញ ការពារសុខភាពនិងស្និទ្ធស្នាលជាមួយបរិស្ថាន។
ប្រជាជន Bahnar នៅខេត្ត Gia Lai ផលិតកាហ្វេតាមស្តង់ដារនាំចេញ - ảnh 1ចំការកាហ្វេ UTZ របស់គ្រួសារលោក Si Mon

កំពុងប្រមូលផលកាហ្វេមួយហិកតានៅចំការកាហ្វេ លោក Si Mon នៅភូមិ Dor 2  ស្រុក Dak Doa ខេត្ត Gia Lai បានឲ្យដឹងថា ទោះបីជារដូវនេះ តម្លៃកាហ្វេស្រស់នៅលើទីផ្សារមានតម្លៃតិចជាង ៧ ពាន់ដុង/១ គីឡូក្រាម ប៉ុន្តែដោយសារការដាំដុះតាមស្តង់ដា UTZ (ដែលជាស្តង់ដាសម្រាប់កាហ្វេស្អាត ធានាសុខភាពរបស់អ្នកដាំ និងការពារបរិស្ថានក្នុងកំឡុងពេលផលិត) តាមនោះ គ្រួសាររបស់លោក Si Mon នៅតែលក់បានតម្លៃសមរម្យគឺ ៨.៥ ពាន់ដុង/១ គីឡូក្រាម។ លោក Si Mon បានឲ្យដឹងថា លោកនិងបណ្តាគ្រួសារនៅក្នុងភូមិ Dor 2 បានចូលរួមសហករណ៍កសិកម្មនិងសេវាកម្ម Lam Anh ភូមិ Tuh Ktu ឃុំ Glar ដោយប្តេជ្ញារួមគ្នាផលិតកាហ្វេតាមស្តង់ដា UTZ តាំងពីចន្លោះឆ្នាំ ២០១៨-២០១៩ តទៅ។ ហេតុដូច្នោះហើយ ដំណើរការផលិតកម្មផ្លាស់ប្តូរទាំងស្រុង ឆ្ពោះទៅរកសរីរាង្គ ហើយថ្នាំសម្លាប់សត្វល្អិតនិងជីគីមីត្រូវបានប្រើក្នុងពេលវេលាជាក់លាក់មួយយោងទៅតាមដំណើរការ។ ពោលគឺ មិនត្រូវប្រើថ្នាំសំលាប់ស្មៅជាដាច់ខាត និងបង្កើនបរិមាណជីសរីរាង្គក្នុងការការពារកំចាត់សត្វចម្រៃ។ លោក Si Mon បានឲ្យដឹងថា៖   “កាលពីមុនដីចំការខ្សោះណាស់ ប៉ុន្តែឥឡូវវាកំពុងផ្លាស់ប្តូរហើយកាន់តែមានជីជាតិ នៅក្នុងដីមានមីក្រូជីវសាស្រ្តជាច្រើនរស់នៅ។ ដើមកាហ្វេក៏កាន់តែលូតលាស់ ទិន្នផលមានស្ថេរភាព មិនដូចរាល់ឆ្នាំដែលមានឆ្នាំអំណោយផល មានឆ្នាំខ្លះមិនអំណោយផលនោះឡើយ”។

កំពុងផលិតកាហ្វេតាមស្តង់ដា UTZ  លើផ្ទៃដី ១,៥ ហិកតា ដែលចំការកាហ្វេមានអាយុកាល ២០ឆ្នាំ  ចាប់ពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ លោក Suan នៅភូមិ Gloi Wet ស្រុក Dak Doa បានឲ្យដឹងថា៖ ដោយបានផ្លាស់ប្តូរការដាំដុះ ហេតុដូច្នេះ  រដូវកាលទី ១ មិនសូវទទួលបានផលទេ ទិន្នផលមានការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ នៅសល់តែ ១,៧ តោន/ហិកតាប៉ុណ្ណោះ។ ប៉ុន្តែចាប់ពីរដូវកាលទី២តទៅ ទិន្នផលកើនឡើងជាលំដាប់។ ពោលគឺ ឆ្នាំនេះ លោកនឹងទទួលបានផលប្រហែល ៥ តោន/១ ហិកតា។ យោងតាមលោក Suan ផលិតកម្មកាហ្វេតាមស្តង់ដា UTZ ជួយបង្កើតផលិតផលកាហ្វេស្អាតជាង ល្អសម្រាប់សុខភាពរបស់អ្នកដាំនិងបរិស្ថានត្រូវបានធានា ដោយការកាត់បន្ថយសារធាតុគីមីនិងសារធាតុគ្រោះថ្នាក់។ លើសពីនេះទៅទៀត វិធីសាស្ត្រដាំនេះ ក៏ជួយធ្វើឱ្យផលិតភាពមានស្ថេរភាព កាត់បន្ថយថ្លៃដើមដូច្នេះប្រាក់ចំណេញពីចម្ការនឹងខ្ពស់ជាងនេះ៖ “នៅពេលដែលចំការប្រមូលផល យើងនឹងជ្រើសរើសផ្លែគ្រាប់ទុំសម្រាប់លក់ ពាក់កណ្តាលទៀតនឹងលក់ក្នុងតម្លៃទីផ្សារ។ ដោយសារយើងដាក់ជីជាតិនិងបាញ់ថ្នាំដោយប្រើបច្ចេកទេសត្រឹមត្រូវ ទិន្នផលប្រមូលបានពីចម្ការនឹងពិតជាខ្ពស់ជាង។ បច្ចុប្បន្ននេះ ខ្ញុំកំពុងផ្សព្វផ្សាយឱ្យប្រជាជននៅក្នុងភូមិរបស់ខ្ញុំ ចូលរួមក្នុងការផលិតកម្មកាហ្វេតាមស្តង់ដា UTZ ដើម្បីផលិតកាហ្វេប្រកបដោយនិរន្តរភាព សុវត្ថិភាព សន្សំសំចៃថ្លៃដើមនិងបង្កើនផលិតភាព។ ប្រសិនបើកសិករចូលរួមក្នុងដំណើរការ UTZ ត្រឹមត្រូវ ខ្ញុំគិតថាតម្លៃកាហ្វេនៅក្នុងស្រុកនឹងខ្ពស់ជាងនេះជាពុំខាន”។

ប្រជាជន Bahnar នៅខេត្ត Gia Lai ផលិតកាហ្វេតាមស្តង់ដារនាំចេញ - ảnh 2សហករណ៍កសិកម្មនិងសេវាកម្ម Lam Anh  បានភ្ជាប់គ្រួសាររាប់សិបគ្រួសារដើម្បីផលិតកាហ្វេលើផ្ទៃដី ៧០ ហិកតាយោងទៅតាមស្តង់ដារ UTZ

លោក Le Huu Anh នាយកសហករណ៍កសិកម្មនិងសេវាកម្ម Lam Anh បានឲ្យដឹងថា សហករណ៍នេះមានសមាជិកចូលរួមចំនួន ១៩ នាក់និងតភ្ជាប់ក្រុមគ្រួសារចំនួន ៣១ ដែលមានផ្ទៃដីសរុបប្រមាណ ៧០ ហិកតា។ តំបន់ទាំងមូលនេះត្រូវបានផលិតស្របតាម ស្តង់ដា UTZ។  ក្នុងនោះសមាជិកសហករណ៍ចំនួន ៧០% គឺជាជនជាតិ Bahnar នៅឃុំចំនួន ៣ ឃុំ Glar ឃុំ Ia Dok និងឃុំ Trang នៃស្រុក Dak Doa។ តាមគម្រោង ក្នុងរដូវកាលនេះ ទិន្នផលកាហ្វេសរុបតាមស្តង់ដារ UTZ របស់សហករណ៍នឹងឈានដល់ប្រមាណ ២០០ តោន។ ហេតុដូច្នេះ សហករណ៍បានផ្សារភ្ជាប់ការលក់ផលិតផលកាហ្វេទៅឲ្យសហគ្រាសនាំចេញទីផ្សារបរទេសដោយតម្លៃស្ថិរភាព។  លោក Le Huu Anh បានឲ្យដឹងថែមទៀតថា៖ “ប្រជាកសិករមានការគាំទ្រនិងចូលរួមយ៉ាងសកម្មណាស់! គោលដៅរបស់យើងគឺផលិតគ្រាប់កាហ្វេស្អាតនិងមានគុណភាពដើម្បីបង្កើនតម្លៃទិន្នផល។ លើសពីនេះទៀត សហករណ៍បានអភិវឌ្ឍន៍ផលិតផលកាហ្វេដែលមានស្លាកយីហោ Slar Land ហើយសមាជិកនៃសហករណ៍ជ្រើសរើសយ៉ាងសម្រិតសម្រាំងពីគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ ហើយផលិតផលនេះត្រូវបានទីផ្សារពេញនិយមយ៉ាងខ្លាំង”។

លោក Bui Quang Thoai អនុប្រធានគណៈកម្មាធិការប្រជាជន ឃុំ Glar ស្រុក Dak Doa បានថ្លែងថា ដោយសារដំណើរការផលិតកម្មត្រឹមត្រូវ ហេតុដូច្នេះ ផលិតផលកាហ្វេរបស់សហករណ៍មានប្រភពដើមច្បាស់លាស់និងមានសូចនាករភូមិសាស្ត្រ។ អ្វីដែលសំខាន់បំផុតនោះគឺ ប្រជាជនក្នុងតំបន់កំពុងផ្លាស់ប្តូរជាបណ្តើរៗ នូវវិធីដាំដុះកាហ្វេបែបប្រពៃណីដោយផ្តោតលើការធ្វើវប្បកម្មនិងប្រើថ្នាំសំលាប់សត្វល្អិតនិងជីគីមី ទៅជាវិធីសាស្ត្រសរីរាង្គប្រកបដោយនិរន្តរភាព ដោយធានានូវសកម្មភាពនាំចេញ៖“ជំហានដំបូង ការអនុវត្តស្តង់ដារ ជួយប្រជាជនក្នុងតំបន់យល់ដឹងពីរបៀបផលិតនិងប្រើប្រាស់ថ្នាំសំលាប់សត្វល្អិតក្នុងពេលសមស្រប ហើយមិនប្រើថ្នាំសំលាប់ស្មៅបំពុលបរិស្ថាន បង្កើនតម្លៃផលិតផលនិងផលិតគ្រាប់កាហ្វេស្អាតធានាតាមស្តង់ដារផងដែរ”។

ផលិតកម្មកាហ្វេ យោងតាមស្តង់ដារពិភពលោកនិងការបញ្ជាក់គឺជានិន្នាការនៃផលិតកម្មប្រកបដោយចីរភាព ពីព្រោះវាមានគោលបំណងឆ្ពោះទៅកាន់ទីផ្សារធំៗធានានូវតម្លៃផលិតផលនិងបង្កើនកេរ្តិ៍ឈ្មោះរបស់កាហ្វេវៀតណាម។ ទន្ទឹមនឹងនេះ ជួយប្រជាជន Bahnar ផ្លាស់ប្តូរវិធីធ្វើកសិកម្ម បង្កើនប្រាក់ចំណូលនិងអភិវឌ្ឍជីវភាពរស់នៅក្នុងសង្គម៕

ប្រតិកម្មទៅវិញ