អត្តពលិក អ្នកស្ម័គ្រចិត្ត និងសមាជិកកាកបាទក្រហមរួមគ្នាបញ្ចប់ជើងចុងក្រោយនៃយុទ្ធនាការ "ការបោះជំហានសប្បុរសធម៌រាប់លាន" នៅទីក្រុង Dien Bien Phu ខេត្ត Dien Bien។ (រូបថត៖ nhandaoonline.vn) |
នាព្រឹកថ្ងៃទី ២២ មេសា នៅទីក្រុង Dien Bien Phu ខេត្ត Dien Bien មជ្ឈឹមសមាគមកាកបាទក្រហមវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជន ខេត្ត Dien Bien បានរៀបចំពិធីបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤ ក្រោមប្រធានបទ “ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្ដីស្រឡាញ់"។ អញ្ជើញចូលរួមក្នុង ព្រឹត្តិការណ៍នេះមានប្រធានរដ្ឋស្តីទីវៀតណាម លោកស្រី Vo Thi Anh Xuan និងលោក Felix Casanova Cambronero អនុប្រធានការិយាល័យតំណាងប្រចាំតំបន់នៃគណៈ កម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) នៅទីក្រុងបាងកក (ប្រទេសថៃ)។
ខែមនុស្សធម៌ជាតិឆ្នាំនេះ ត្រូវបានបំផុសឡើងនៅខេត្ត Dien Bien ដោយឆ្ពោះ ទៅការរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) ដែលជាឱកាសសម្រាប់ប្រជាជនវៀតណាមសម្តែងការដឹងគុណ ចំពោះ បុព្វការីជនដែលបានពលីជីវិតដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ ព្រមទាំង ក៏ជាឱកាស ដើម្បីចែករំលែក និងរីកសាយភាយស្មារតីសប្បុរសធម៌ក្នុងសង្គមផងដែរ។ ខែមនុស្សធម៌ជាតិត្រូវបានអនុវត្តន៍ក្នុងរយៈពេល៦ឆ្នាំកន្លងមក (២០១៨ - ២០២៤) ដោយទទួលបានលទ្ធផលជាក់ស្តែងជាច្រើន បានរួមចំណែកលើកកម្ពស់ការយល់ដឹង សង្គម បំផុសនិងពង្រីកស្មារតីនៃការ “ជួយយកអាសារគ្នាទៅវិញទៅមក” របស់ ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ជាលទ្ធផល ថវិកាជាង ៣,៤ ទ្រីលានដុង (ប្រហែល ១៣៣,៤ លានដុល្លារអាមេរិក) ត្រូវបានកៀរគរ ដើម្បីជួយឧបត្ថម្ភជនក្រីក្រនិងជនមាន ស្ថានភាពលំបាកចំនួនជាង ៥,៥ លាននាក់នៅទូទាំងប្រទេស។ ថ្លែងក្នុងពិធីនេះ លោកស្រី Bui Thi Hoa ប្រធានមជ្ឈិមសមាគមកាកបាទក្រហមវៀតណាមបាន អះអាងថា៖
“ខែមនុស្សធម៌តែងតែទាក់ទាញប្រជាជនចូលរួមយ៉ាងច្រើនកុះករ។ ជាលទ្ធផល កៀរគរបានធនធានធំបំផុត បានជួយឧបត្ថម្ភមុខសញ្ញាច្រើនបំផុត ហើយការងារ និង សកម្មភាពមនុស្សធម៌ត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងបំផុតក្នុងចំណោមខែក្នុងមួយឆ្នាំ។ ឆ្នាំនេះ កាកបាទក្រហមវៀតណាម បានអនុវត្តន៍ខែមនុស្ស ធម៌ក្នុងបរិបទដែលគ្រោះមហន្តរាយមនុស្សធម៌នៅតំបន់មួយចំនួនលើពិភពលោក កំពុងគំរាមកំហែងដល់អាយុជីវិតរបស់ប្រជាជន ស្ត្រី និងកុមាររាប់ម៉ឺននាក់ ក្នុងបំណង រីកសាយភាយប្រពៃណីមនុស្សសាស្ត្រ សប្បុរសធម៌ ការស្រឡាញ់សន្តិភាព និង ការតភ្ជាប់សហគមន៍សង្គមផងដែរ”។
ឆ្ពោះទៅខែមនុស្សធម៌ជាតិឆ្នាំ ២០២៤ ក្នុងរយៈពេល ៥៦ ថ្ងៃកន្លងទៅ ប្រជាជន វៀតណាមជាង ១ សែននាក់បានចូលរួមជួយជ្រោមជ្រែងយ៉ាងសកម្មនូវយុទ្ធនាការ "ជំហានសប្បុរសធម៌រាប់លាន" ដើម្បីរៃអង្គាសថវិកាសម្រាប់សកម្មភាពមនុស្សធម៌ ព្រមទាំងរីកសាយភាយស្មារតី “កាកបាទក្រហមដើម្បីមនុស្សគ្រប់រូប នៅគ្រប់ទី កន្លែង"។ តាមរយៈយុទ្ធនាការនេះ ប្រជាជនជិត ១៦ពាន់នាក់បានទទួលផលក្នុងឃុំ ចំនួន ៣០ ស្រុកនិងទីក្រុងចំនួន ១២ នៃខេត្ត Dien Bien ខេត្ត Thai Nguyen និង Son La ដោយមានតម្លៃសរុបជាង ១៤ ពាន់លានដុង (ជាង ៥៥០.០០០ ដុល្លារអាមេរិក)៕