ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ VOV) |
អញ្ជើញចូលរួមសម័យប្រជុំបិទ មានអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋលោក Vo Van Thuong នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងសមាជិករដ្ឋសភានីតិកាលទី ១៥។ សម័យប្រជុំបិទត្រូវបានផ្សាយផ្ទាល់តាមវិទ្យុ និងទូរទស្សន៍ ដើម្បីបម្រើអ្នកបោះឆ្នោតទស្សនា។
ថ្លែងមតិបិទសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្ខេបលទ្ធផលនៃសម័យប្រជុំ។ ទាក់ទងនឹងការងារនីតិបញ្ញត្តិ រដ្ឋសភាបានបោះឆ្នោតអនុម័តលើច្បាប់ចំនួន ០៨ និងសេចក្តីសម្រេចចិត្តចំនួន ១៧ ដែលមានអត្រាស្រុះចិត្តគំនិតខ្ពស់; ជាមួយគ្នានេះ គម្រោងច្បាប់ចំនួន ៨ ត្រូវបានពិភាក្សាជាលើកដំបូង ហើយអង្គប្រជុំបានពិភាក្សា និងដោះស្រាយបញ្ហាសំខាន់ៗជាច្រើនទៀត។ យោងតាមប្រធានរដ្ឋសភា មកទល់ពេលនេះ រដ្ឋសភា និងស្ថាប័នរបស់ខ្លួន បានបញ្ចប់ការងារស្រាវជ្រាវនីតិបញ្ញត្តិចំនួន ១១២/១៣៧ នៃអាណត្តិទាំងមូល សម្រេចបានអត្រា ៨១,៨%។
ទាក់ទិននឹងសកម្មភាពឃ្លាំមើល រដ្ឋសភាបានបញ្ចប់ការឃ្លាំមើលលើប្រធានបទ “ការកៀរគរ ការគ្រប់គ្រង និងការប្រើប្រាស់ធនធានសម្រាប់ការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីសុខភាពមូលដ្ឋាន និងថ្នាំបង្ការ”។ ក្នុងសេចក្តីសម្រេចចិត្តស្តីពីសកម្មភាពសួរដេញដោលនៅសម័យប្រជុំ រដ្ឋសភាបានកំណត់គោលដៅជាក់ស្តែង ភារកិច្ច ដំណោះស្រាយ ការកំណត់ពេលវេលាបញ្ចប់ជាមូលដ្ឋានសម្រាប់ឃ្លាំមើលការអនុវត្ត។ ក្នុងសម័យប្រជុំនេះ ជាលើកទីមួយ ដែលរដ្ឋសភាបានពិភាក្សាក្នុងសាលប្រជុំ នូវរបាយការណ៍ស្តីពីលទ្ធផលឃ្លាំមើលការដោះស្រាយញត្តិរបស់អ្នកបោះឆ្នោតដែលបានផ្ញើមកសម័យប្រជុំលើកទី ៤ និងរបាយការណ៍បូកសរុបមតិ និងញត្តិរបស់អ្នកបោះឆ្នោត និងប្រជាពលរដ្ឋផ្ញើមកកិច្ចប្រជុំលើកទី ៥។ ស្តីពីបញ្ហាសេដ្ឋកិច្ច-សង្គម ថវិការរដ្ឋ និងសេចក្តីសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា៖ “រដ្ឋសភាចេញសេចក្តីសម្រេចចិត្តសំខាន់ៗជាច្រើនភ្លាមៗ ដើម្បីជំរុញការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជួយដល់ប្រជាជន និងអាជីវកម្ម ដូចជាការបន្តកាត់បន្ថយអត្រាពន្ធលើតម្លៃបន្ថែម ២% រហូតដល់ដំណាច់ឆ្នាំ ២០២៣ ដើម្បីជំរុញតម្រូវការ និងជំរុញទីផ្សារក្នុងស្រុក។ អនុញ្ញាតឱ្យបន្តបែងចែកថវិកាជាង ១០០.០០០ ពាន់លានដុងដែលនៅសេសសល់នៃផែនការវិនិយោគសាធារណៈរយៈពេលមធ្យម នៃថវិកាមជ្ឈិមសម្រាប់ដំណាក់កាល ២០២១ - ២០២៥ កម្មវិធីអភិវឌ្ឍន៍ និងស្តារសេដ្ឋកិច្ចសង្គម និងកម្មវិធីគោលដៅជាតិសម្រាប់ក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន ដើម្បីបំពេញបន្ថែមដើមទុនដល់សេដ្ឋកិច្ច។ ម្យ៉ាងវិញទៀត ធ្វើវិសោធនកម្មជាមូលដ្ឋាន និងបំពេញបន្ថែមនូវនីតិវិធី និងបទប្បញ្ញត្តិ ស្តីពីការចូល និងចេញឆ្លងដែន របស់ពលរដ្ឋវៀតណាម និងជនបរទេសក្នុងប្រទេសវៀតណាម ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងជំរុញទេសចរណ៍ ..."។
ធ្វើការវាយតម្លៃជារួមនៃសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចាត់ទុកថា៖ ជាមួយនឹងលទ្ធផលសម្រេចបាននោះ អាចបញ្ជាក់បានថា សម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥ បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ បន្តមានការច្នៃប្រឌិត កាន់តែប្រសើរជាងមុន បំពេញតាមតម្រូវការជាក់ស្តែង។ បន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងនៃការសម្របសម្រួល ការភ្ជាប់ទំនាក់ទំនងជិតស្និទ្ធ និងការចែករំលែកបទពិសោធន៍ក្នុងប្រតិបត្តិការរបស់ស្ថាប័នជាប់ឆ្នោតនៅទាំងថ្នាក់មជ្ឈិម និងមូលដ្ឋានផងដែរ”។
ប្រធានរដ្ឋសភាជឿជាក់ថា ដោយលទ្ធផលសម្រេចបាននៅសម័យប្រជុំលើកទី៥ ហើយផ្អែកលើទិសដៅ និងភារកិច្ចសំខាន់ៗនៃសន្និសីទពាក់កណ្តាលអាណត្តិនៃគណៈ កម្មាធិការមជ្ឈិមបក្សលើកទី១៣នាពេលថ្មីៗនេះ វៀតណាមនឹងជំនះរាល់ការលំបាក និងបញ្ហាប្រឈម ព្រមទាំងបំពេញភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ២០២៣ និងដំណាក់កាល ២០២១-២០២៥ ជាក់ជាពុំខាន៕