បិទសន្និបាតលើកទី១០នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ២០ កញ្ញា នៅទីក្រុងហាណូយ សន្និបាតលើកទី ១០ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣ បានបិទបញ្ចប់បន្ទាប់ពីរយៈពេល ៣ ថ្ងៃធ្វើការ (ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែកញ្ញា)។

បិទសន្និបាតលើកទី១០នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ - ảnh 1បិទសន្និបាតលើកទី១០នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣។ (រូបថត៖ VNA)

អញ្ជើញថ្លែងសុន្ទរកថាបិទសន្និបាត អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម សង្កត់ធ្ងន់ថា សន្និបាតបានឯកភាពខ្ពស់លើការយល់ដឹង ការប្តេជ្ញាចិត្តអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣។ តាមនោះ គណៈកម្មាធិការមជ្ឈិមបានកំណត់ថា ការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ជាគោលដៅខ្ពស់បំផុតរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលក្នុងឆ្នាំ២០២៥។ វៀតណាមខិតខំប្រឹងប្រែងសម្រេចបាន និងលើសកម្រិតនូវគោលដៅសំខាន់ៗភាគច្រើនក្នុងដំណាក់កាល២០២១-២០២៥ ដែលបានកំណត់ដោយមហាសន្និបាតលើកទី១៣។

“មជ្ឈិមទាមទារឱ្យប្រព័ន្ធនយោបាយទាំងមូល ដំបូងបង្អស់គឺរដ្ឋាភិបាល ប្រធានគណៈកម្មាធិការ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ត្រូវមានការប្តេជ្ញាចិត្តយ៉ាងពិតប្រាកដ មានដំណោះស្រាយយ៉ាងប្ដូរផ្ដាច់ ម៉ឺងម៉ាត់ ពន្លឿនល្បឿនដើម្បីសម្រេចបាននូវគោលដៅនានា ជាពិសេសគោលដៅ GDP ហើយបន្តបង្កើតវឌ្ឍនភាពដ៏ខ្លាំងក្លាក្នុងឆ្នាំបន្ទាប់ៗ។ ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតលើដំណោះស្រាយជាអាទិភាព ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ដោយដើរទន្ទឹមនឹងការការពារបរិស្ថាន សុខុមាលភាពសង្គម និងការថែទាំល្អបំផុតដល់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសសម្រាប់តំបន់ដែលទទួលរងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរពីព្យុះយ៉ាហ្គី; ធានាយ៉ាងរឹងមាំនូវការការពារជាតិ សន្តិសុខ លើកកំពស់ប្រសិទ្ធភាពកិច្ចការបរទេស ហើយលើកកំពស់ដោយឥតឈប់ឈរនូវឋានៈ និងការរួមចំណែករបស់វៀតណាមចំពោះសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកផងដែរ”។

បិទសន្និបាតលើកទី១០នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ - ảnh 2អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញថ្លែងសុន្ទរកថាបិទសន្និបាត។
(រូបថត៖ VNA)

ទាក់ទងនឹងទិសដៅ និងដំណោះស្រាយយុទ្ធសាស្ត្រនោះ គឺមានបញ្ហាចំនួន ៨ ក្នុងនោះ៖ ផ្តោតលើការកសាងគំរូសង្គមនិយមរបស់វៀតណាម ដោយផ្តោតសំខាន់លើការកសាងប្រជាជនសង្គមនិយម បង្កើតមូលដ្ឋានគ្រឹះសម្រាប់កសាងសង្គមនិយម ដែលកម្មវិធីនយោបាយរបស់បក្សបានកំណត់; ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការការពារបរិស្ថាន ជំរុញខ្លាំងនូវរបកគំហើញយុទ្ធសាស្ត្រទាំងបី ចាត់ទុកការកសាងបក្សគឺជាគន្លឹះ ការអភិវឌ្ឍវប្បធម៌ជាមូលដ្ឋានគ្រឹះ ការពង្រឹងការពារជាតិ សន្តិសុខ និងជំរុញកិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិគឺកិច្ចការដ៏សែនសំខាន់និងជាប្រចាំ។

“រក្សាយ៉ាងរឹងមាំនូវឯករាជ្យនិងភាពខ្លួនទីពឹងខ្លួន; ធានាផលប្រយោជន៍ជាតិ និងប្រជាជាតិខ្ពស់បំផុត ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ការពារមាតុភូមិសង្គមនិយមយ៉ាងរឹងមាំពីដើម និងពីចម្ងាយ; ប្ដេជ្ញារក្សារឹងមាំឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពទឹកដី សមុទ្រ កោះ និងដែនអាកាសនៃមាតុភូមិ។ ប្រកាន់ខ្ជាប់នូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពហុភាគីនិយម ការធ្វើពិពិធកម្ម ធ្វើជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ; ប្រកាន់ខ្ជាប់នូវគោលជំហរ ទស្សនៈ ហើយអនុវត្តន៍សិល្បៈការទូតក្នុងយុគសម័យថ្មី ដែលបង្ហាញពីលក្ខណៈសម្បត្តិរបស់មនុស្សវៀតណាម៖ "ប្រកាន់ខ្ជាប់នូវគោលជំហរ ឆ្លើយតបដោយបត់បែនតាមកាលៈទេសៈ" "សន្តិភាព" "យកសេចក្តីសប្បុរសជំនួសឱ្យអំពើហិង្សា"; បង្កើនការរួមចំណែកជាក់ស្តែងរបស់វៀតណាមក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក”។

ទន្ទឹមនឹងនោះ អភិវឌ្ឍន៍វប្បធម៌ និងមនុស្ស; ប្រកាន់ខ្ជាប់នូវគោលជំហរ ទស្សនៈ និងការអនុវត្ត "ប្រជាជនជាឫសគល់" "ប្រជាជនជាកម្មវត្ថុ ជាមជ្ឈភាពនៃបុព្វហេតុផ្លាស់ប្ដូរថ្មី"។ កសាងនីតិរដ្ឋសង្គមនិយម របស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម៕

ប្រតិកម្មទៅវិញ