បិទបញ្ចប់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ៦ ខែមីនា (ម៉ោងក្នុងស្រុក) នៅទីក្រុងមែលប៊ន (អូស្ត្រាលី) កិច្ចប្រជុំកំពូលពិសេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - អូស្ត្រាលី ក្នុងឱកាសរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងរវាងភាគីទាំងពីរ (១៩៧៤-២០២៤) បានបិទបញ្ចប់បន្ទាប់ពីកិច្ចប្រជុំរយៈពេល ៣ ថ្ងៃ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និងនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានធ្វើសន្និសីទសារព័ត៌មានក្រោយពីកិច្ចប្រជមនេះ។

ក្នុងសន្និសីទសារព័ត៌មាននេះ នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានមានប្រសាសន៍ថា នៅក្នុងសន្និសីទនេះ មេដឹកនាំអាស៊ាន និងអូស្ត្រាលីបានអនុម័តលើឯកសារសំខាន់ៗចំនួនពីរគឺ “សេចក្តីប្រកាសទស្សនៈវិស័យរបស់មេដឹកនាំអាស៊ាន-អូស្ត្រាលី៖ ភាពជាដៃគូដើម្បីសន្តិភាព និងវិបុលភាព” និង “សេចក្តីប្រកាសទីក្រុងមែលប៊ន៖ ដៃគូរបស់យើងដើម្បីអនាគត"។

បិទបញ្ចប់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី - ảnh 1នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone  និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese  បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា បន្ទាប់ពីកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី។ រូបថត៖ VOV

សេចក្តីប្រកាសទាំងពីរនេះ បានតម្រង់ទិសសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី ក្នុងរយៈពេល ៥០ឆ្នាំខាងមុខ។ នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានបញ្ជាក់ថា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំនេះ ឡាវនឹងបន្តជំរុញការតភ្ជាប់ និងពង្រឹងភាពធន់ ដើម្បីបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី ឱ្យមានប្រសិទ្ធភាពបន្ថែមទៀតនាពេលខាងមុខ។

ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានរំលឹកឡើងវិញនូវការសន្យាដែលខ្លួនបានដាក់ចេញក្នុងកិច្ចប្រជុំរយៈពេល ៣ថ្ងៃកន្លងទៅ។ ជាពិសេសគឺការសន្យាចំណាយថវិការចំនួន ២ ពាន់លាន AUD (ជាង ១,៣ ពាន់លានដុល្លារអាមេរិក) ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយតំបន់អាស៊ាន ដោយបានឧបត្ថម្ភជាង ២២២ លាន AUD (១៤៥ លាន USD) ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍នៃអនុតំបន់ទន្លេមេគង្គ; ជាមួយនឹងកញ្ចប់ជំនួយផ្សេងៗទៀត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនាវាចរណ៍ ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពល ការអប់រំនិងជួយសម្រួលការផ្តល់ទិដ្ឋាការសម្រាប់ពលរដ្ឋនៃបណ្តាប្រទេសអាស៊ានដែលមកអូស្ត្រាលី ដើម្បីធ្វើអាជីវកម្មនិងទេសចរណ៍។ លោកនាយករដ្ឋមន្ត្រី Anthony Albanese បានសង្កត់ធ្ងន់ថា ការសន្យាទាំងនេះ បង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់អូស្ត្រាលីសម្រាប់អាស៊ាន៕

ប្រតិកម្មទៅវិញ