ចំនួនភ្ញៀវទេសចរអន្តរជាតិបានកើនឡើងបន្ទាប់ពីការរឹតត្បិតពាក់ព័ន្ធដល់ជំងឺកូវីដ-១៩ ត្រូវបានដកនៅប្រទេសឥណ្ឌូនេស៊ី។ (រូបថត៖ Labuan bajo/VOV) |
អ្នកនាំពាក្យក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Mohammad Syahril កាល ពីថ្ងៃទី ១៥ ឧសភា បាននិយាយថា៖ រដ្ឋាភិបាលកំពុងកសាងយុទ្ធសាស្ត្រអន្តរកាល ដើម្បីបញ្ឈប់គ្រោះអាសន្នផ្នែកសុខភាពសាធារណៈដែលបណ្តាលមកពីជំងឺកូវីដ-១៩។ យុទ្ធសាស្ត្រនេះរួមមានការអនុវត្តការឃ្លាំមើលសុខភាពនៅក្នុងសហគមន៍ ការត្រៀម រៀបចំមូលដ្ឋានសុខាភិបាល ការធានាថ្នាំឱសថដែលមានស្រាប់ ក៏ដូចជាត្រៀមរៀបចំ គោលនយោបាយសុខាភិបាល និងសន្តិសុខជាតិដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺ រាតត្បាតនាពេលអនាគត។ មន្ត្រីសុខាភិបាលឥណ្ឌូណេស៊ីក៏បានបញ្ជាក់ដែរថា ទោះបី ជាអង្គការសុខភាពពិភពលោកបានបញ្ឈប់គ្រោះអាសន្នផ្នែកសុខភាពសាធារណៈ ហើយក៏ដោយ ប៉ុន្តែប្រជាជននៅតែត្រូវអនុវត្តតាមនីតិវិធីវេជ្ជសាស្ត្រ។ រដ្ឋាភិបាលនឹងបន្តកម្មវិធីចាក់វ៉ាក់សាំងដើម្បីបង្កើនការការពារសម្រាប់អ្នកដែលមានហានិភ័យឆ្លងជំងឺ។
ក្នុងពេលជាមួយគ្នានោះ ប្រធានសភាជាន់ទាបហ្វីលីពីន លោក Martin Romualdez បានឲ្យដឹងថា ការសម្រេចរបស់អង្គការសុខភាពពិភពលោក ជួយ ជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសនេះ ដោយសកម្មភាពសេដ្ឋកិច្ចបានដំណើរការឡើង វិញយ៉ាងពេញលេញ បង្កើតការងារនិងប្រាក់ចំណូលបន្ថែមទៀតសម្រាប់ពលករ។ ទោះជាយ៉ាងណាក៏ដោយ លោក Romualdez បានបញ្ជាក់ថា ប្រជាជនគួរតែប្រតិបត្តិ តាមសំណូមពរសុខភាពអប្បបរមា ដូចជាការពាក់ម៉ាស់នៅពេលចាំបាច់ លាងដៃឱ្យ បានញឹកញាប់ ការដាក់ខ្លួនឱ្យនៅដាច់ដោយឡែកនៅពេលឆ្លងជំងឺ និងការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផងដែរ៕