បើក​សន្និសីទអង្គការសហប្រជាជាតិ ​ស្តីពី​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២១ ខែមិថុនា សន្និសីទអង្គការសហប្រជាជាតិ ស្តីពីសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) បានបើកជាផ្លូវការនៅទីក្រុងវីយែន(អូទ្រីស)។
បើក​សន្និសីទអង្គការសហប្រជាជាតិ ​ស្តីពី​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថ្លែងមតិក្នុងសន្និសីទ។ (រូបថត៖ AFP)

ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ ភាគីចូលរួម TPNW បានចាប់ផ្តើមពិនិត្យឡើងវិញការងារអនុវត្តសន្ធិសញ្ញា និងស្ថានភាពបច្ចុប្បន្ន ក៏ដូចជាការវាយតម្លៃលើវឌ្ឍនភាពដែលសម្រេចបានក្នុងការអនុវត្តគោលដៅនៃសន្ធិសញ្ញា។

ថ្លែងទៅកាន់គណៈប្រតិភូចូលរួមសន្និសីទតាមវីដេអូ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចាត់ទុកថា TPNW គឺជា "ជំហានដ៏សំខាន់ ដើម្បីឆ្ពោះទៅរកសេចក្តីប្រាថ្នារួមនៃពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ"។ ប្រមុខអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តដែលបានដាក់ចេញនៅក្នុងសន្និសីទនេះ នឹងជួយពង្រឹងតួនាទីរបស់សន្ធិសញ្ញា ដែលជាកត្តាសំខាន់ក្នុងការរំសាយសព្វារុធ និងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនៅទូទាំងពិភពលោក។

TPNW គឺជាកិច្ចព្រមព្រៀងអន្តរជាតិដំបូងគេដែលបានហាមឃាត់ការអភិវឌ្ឍ ការធ្វើតេស្ត ការផលិត ការទិញ ការប្រើប្រាស់ ឬការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ សន្ធិសញ្ញានេះត្រូវបានអង្គការសហប្រជាជាតិអនុម័តកាលពីខែកក្កដា ឆ្នាំ ២០១៧ ហើយចូលជាធរមានចាប់ពីខែមករា ឆ្នាំ ២០២១៕

ប្រតិកម្មទៅវិញ