នីហ្សេ៖ របប​យោធាបានចោទប្រកាន់បារាំងពីបទបំផ្លិចបំផ្លាញសន្តិសុខ

Chia sẻ
(VOVWORLD) - នាយករដ្ឋមន្ត្រីបណ្តោះអាសន្ននៃរបបយោធានីហ្សេ លោក Ali Mahaman Lamine Zeine បានបញ្ជាក់ថា អាជ្ញាធរបារាំងមានផែនការធ្វើឃាត រដ្ឋមន្ត្រីមួយចំនួនក្នុងរបបយោធានីហ្សេ ក៏ដូចជាមេដឹកនាំបណ្តាកុលសម្ព័ន្ធនៅប្រទេសអាហ្វ្រិកខាងលិចមួយនេះ។ 
នីហ្សេ៖ របប​យោធាបានចោទប្រកាន់បារាំងពីបទបំផ្លិចបំផ្លាញសន្តិសុខ - ảnh 1នាយករដ្ឋមន្ត្រីបណ្តោះអាសន្ននៃរបបយោធានីហ្សេ លោក Ali Mahaman Lamine Zeine។ រូបថត៖ Reuters

ទូរទស្សន៍ Aljazeera កាលពីថ្ងៃទី ៣ ខែតុលា បានដកស្រង់សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីបណ្តោះអាសន្ននៃរបបយោធានីហ្សេ លោក Ali Mahaman Lamine Zeine ដោយបញ្ជាក់ថា អាជ្ញាធរបារាំងមានផែនការធ្វើឃាត រដ្ឋមន្ត្រីមួយចំនួនក្នុងរបបយោធានីហ្សេ ក៏ដូចជាមេដឹកនាំបណ្តាកុលសម្ព័ន្ធនៅប្រទេសអាហ្វ្រិកខាងលិចមួយនេះ ហើយបានផ្តល់សព្វាវុធនិងថវិកាដល់ក្រុមប្រឆាំងរបបយោធានីហ្សេ សំដៅបំផ្លិចបំផ្លាញសន្តិសុខ និងស្ថិរភាពក្នុងប្រទេសនីហ្សេ។ ទោះជាយ៉ាងណាក៏ដោយ ប្រមុខរបបយោធានីហ្សេមិនបានផ្តល់ភស្តុតាងណាមួយដើម្បីអះអាងពីការចោទប្រកាន់នេះទេ។

នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយផ្សេងទៀត នាថ្ងៃដដែលនោះ ទូរទស្សន៍ Aljazeera បានដកស្រង់ប្រភពមួយថា របបយោធានីហ្សេ បានអនុម័តលើកាលវិភាគដែលប្រធានាធិបតីបារាំង លោក Emmanuel Macron បានដាក់ចេញសម្រាប់ការដកទ័ពបារាំងចេញពីប្រទេសនីហ្សេ។ កាលពីសប្តាហ៍មុន ប្រធានាធិបតីបារាំងបានប្រកាសដកកងកម្លាំងយោធាទាំងអស់របស់ប្រទេសខ្លួនដែលកំពុងឈរជើងក្នុងប្រទេសនីហ្សេ នៅមុនដំណាច់ឆ្នាំនេះ។ ការសម្រេចចិត្តត្រូវបានធ្វើឡើងបន្ទាប់ពីប៉ុន្មានសប្តាហ៍ជាប់ៗគ្នាដែលក្រុមបាតុកររាប់រយនាក់ និងកងកម្លាំងសន្តិសុខនីហ្សេបានឡោមព័ទ្ធមូលដ្ឋានសំខាន់នៃកងកម្លាំងបារាំងក្នុងរដ្ឋធានី Niamey ដើម្បីដាក់សម្ពាធ៕

ប្រតិកម្មទៅវិញ