បណ្តាប្រទេសអឺរ៉ុបបានជម្លៀសពលរដ្ឋរបស់ខ្លួនដោយការព្រួយបារម្ភពីជម្លោះនៅប្រទេសនីហ្សេ។ រូបថត៖ Reuters |
សេចក្តីប្រកាសអាសន្នត្រូវបាននាំចេញប៉ុន្មានម៉ោងបន្ទាប់ពីមេដឹកនាំសហគមន៍សេដ្ឋកិច្ចអាហ្វ្រិកខាងលិច (ECOWAS) បានប្រកាសទុកចំហរាល់លទ្ធភាពសម្រាប់កិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញនៅក្នុងប្រទេសនីហ្សេរីឡើងវិញ រួមទាំងវិធានការយោធាផងដែរ។
នៅថ្ងៃដដែលនោះ អ្នកគាំទ្ររបបយោធារាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅមូលដ្ឋានយោធាបារាំងមួយក្នុងរដ្ឋធានី Niamey ដើម្បីតវ៉ាប្រឆាំងនឹងផែនការអន្តរាគមន៍ដោយយោធាចូលប្រទេសនេះ។ ក្រុមបាតុករបានកាន់បដានិងស្រែកពាក្យស្លោកថ្កោលទោស ECOWAS និងប្រទេសបារាំង ដោយអះអាងថានឹងរួមគ្នាប្រឆាំងនឹងរាល់ការប៉ុនប៉ង់ឈ្លានពានលើប្រទេសនេះ។
ក្នុងបរិបទនេះ អគ្គសេនាធិការយោធានៃបណ្តាប្រទេស ECOWAS គ្រោងនឹងបើកកិច្ចប្រជុំពិសេសមួយនៅក្នុងប្រទេសហ្គាណានៅសប្តាហ៍ក្រោយ ដើម្បីឯកភាពគ្នាលើផែនការអន្តរាគមន៍យោធានៅក្នុងប្រទេសនីហ្សេ។ ទាក់ទងនឹងការធ្វើអន្តរាគមន៍ដោយយោធារបស់ ECOWAS ប្រធានាធិបតីកូតឌីវ័រ លោក Alassane Ouattara បានសន្យាថា នឹងបញ្ជូនទាហានប្រហែល ៨៥០ - ១.១០០ នាក់ទៅចូលរួម។ មេដឹកនាំប្រទេសកូតឌីវ័របានឲ្យដឹងថា ប្រទេសនីហ្សេរីយ៉ា និងបេនីនក៏បានសន្យានឹងបញ្ជូនទាហានទៅចូលរួមជាមួយកម្លាំងអន្តរាគមន៍យោធាចូលប្រទេសនីហ្សេដែរ ប៉ុន្តែមិនបានផ្តល់ចំនួនជាក់លាក់នោះទេ៕