ភ្ញៀវទេសចររុស្ស៊ីភាគច្រើននឹងមិនអាចចូលប្រទេសន័រវេសបានចាប់ពីថ្ងៃទី ២៩ ខែឧសភា។ រូបថត៖ Thomas Nilsen/The Barents Observer |
នាថ្ងៃទី ២៣ ឧសភា រដ្ឋាភិបាលន័រវេសបានឲ្យដឹងថា ចាប់ពីថ្ងៃទី ២៩ ឧសភា ភ្ញៀវទេសចររុស្ស៊ីភាគច្រើននឹងមិនអាចចូលប្រទេសនេះដែលមានព្រំដែន ១៩៨ គីឡូម៉ែត្រជាមួយរុស្ស៊ីនៅតំបន់អាកទិកបានឡើយ។ យោងតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសន្តិសុខសាធារណៈន័រវេស លោកស្រី Emilie Enger Mehl បានឲ្យដឹងថា ការសម្រេចចិត្តនេះគឺស្របតាមវិធីអភិក្រមរបស់សម្ព័ន្ធមិត្ត និងដៃគូរបស់ន័រវេសទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន។
ន័រវេស ដែលជាប្រទេសសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ប៉ុន្តែមិនមែនជាសមាជិកសហភាពអឺរ៉ុប (EU) ស្ទើរតែបញ្ឈប់ការចេញទិដ្ឋាការទេសចរណ៍ដល់ពលរដ្ឋរុស្ស៊ីចាប់តាំងពីនិទាឃរដូវឆ្នាំ ២០២២ បន្ទាប់ពីជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើង។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជនរុស្សី ដែលមានទិដ្ឋាការរយៈពេលវែងដែលបានចេញពីមុន ឬអ្នកដែលមានទិដ្ឋាការនៅប្រទេសជាសមាជិកផ្សេងៗនៃប្លុក Schengen នៅតែអាចចូលន័រវេសតាមរយៈច្រកទ្វារព្រំដែនតែមួយរវាងប្រទេសទាំងពីរ Storskog- Boris Gleb ។ យោងតាមសេចក្តីសម្រេចថ្មី ចាប់ពីថ្ងៃទី ២៩ ខែឧសភាខាងមុខ ករណីទាំងនេះនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសន័រវេសទៀតឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅតែមានករណីលើកលែងគឺ៖ មនុស្សទៅកាន់ន័រវេសដើម្បីបន្តការសិក្សា និងធ្វើការ និងមនុស្សដែលមកលេងសាច់ញាតិដែលរស់នៅក្នុងប្រទេស។
ប្រតិកម្មទៅនឹងការសម្រេចចិត្តខាងលើរបស់រដ្ឋាភិបាលន័រវេស អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា នេះជាទង្វើរើសអើងប្រឆាំងនឹងជនជាតិរុស្ស៊ី ហើយរុស្ស៊ីមិនទទួលយកការសម្រេចចិត្តបែបនេះឡើយ៕