លោកនាយករដ្ឋមន្ត្រីអញ្ជើញចុះសួរសុខទុក្ខប្រជាជននៅស្រុក Tu Nghia ខេត្ត Quang Ngai |
នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចុះសួរសុខទុក្ខនិង ជូនអំណោយដល់គ្រួសារមួយចំនួនដែលមានស្ថានភាពលំបាកនិងរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារព្យុះ Molave នៅខេត្ត Quang Ngai និងខេត្ត Quang Nam។ លោកនាយករដ្ឋមន្រ្តីក៏បានអញ្ជើញចុះសួរសុខទុក្ខនិងផ្តល់អំណោយដល់លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សនៅអនុ វិទ្យាល័យទីរួមស្រុក Chau O ស្រុក Binh Son ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារព្យុះ Molave។
អញ្ជើញចុះសួរសុខទុក្ខប្រជាជននៅឃុំ Tam Quang ស្រុក Nui Thanh ខេត្ត Quang Nam លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យកងទ័ពនិងកម្លាំងប៉ូលីស ជួយឧបត្ថម្ភប្រជាជនជាបន្ទាន់ដើម្បីប្រជាជនអាចវិលរកជីវភាពរស់នៅប្រក្រតីឡើងវិញ។ ជាពិសេសជំរុញការងារជួសជុលគ្រឹះសម្ភារៈរបស់មន្ទីរពេទ្យគ្លីនិកនិងសាលារៀន។ លោកនាយករដ្ឋមន្រ្តីក៏បានទៅសួរសុខទុក្ខជន រងគ្រោះដែលរងរបួសដោយព្យុះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យពហុព្យាបាលខេត្ត Quang Nam។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យមន្ទីរពេទ្យលើកលែងថ្លៃពេទ្យ និងស្នើឱ្យយោធភូមិភាគទី ៥ និងមន្ទីរសាខា រួមទាំងតំបន់នានា យកចិត្តទុកដាក់ថែទាំនិងជួយឧបត្ថម្ភ ជនរងគ្រោះ ជាពិសេសត្រូវមានគោលនយោបាយជួយឧបត្ថម្ភដល់កុមារផងដែរ។
តាមរយៈបណ្តាជំនួប លោកនាយករដ្ឋមន្រ្តីរំពឹងថា អាជ្ញាធរមូលដ្ឋាននិងប្រជាជនដែលរងការខូចខាតដោយសារព្យុះនិងទឹកជំនន់នឹងជំនះយ៉ាងសកម្មនូវផលវិបាកបណ្តាលមកពីទឹកភ្លៀងនិងទឹកជំនន់ ព្រមទាំងអនុវត្តយ៉ាងល្អ នូវវិធានការណ៍ដើម្បីបង្ការនិងទប់ទល់នឹងព្យុះ Goni - ព្យុះទី ១០ ហើយក៏ជាព្យុះធំបំផុតផងដែរចាប់ពីដើមឆ្នាំ ២០២០ រហូតមកដល់ពេលនេះ ត្រូវបានគេព្យាករណ៍ថា នឹងបោកបក់នៅលើដីគោករបស់វៀតណាម នៅថ្ងៃទី ៤ ខែវិច្ឆិកា ដែលនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំង៕