នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងថ្នាក់ដឹកនាំផ្នែកធនាគារចូលរួមសន្និសីទ។ (រូបថត៖ VGP) |
ធនាគារជាសរសៃឈាមនៃខឿនសេដ្ឋកិច្ច តើសរសៃឈាមធ្វើចរាចរបានល្អដែរឬអត់គឺអាស្រ័យលើប្រសិទ្ធភាពប្រតិបត្តិការនៃផ្នែកធនាគារ និងតួនាទីសម្រុះសម្រួលរបស់ធនាគាររដ្ឋ។ ដូច្នេះ ការសម្រុះសម្រួលត្រូវតែមានភាពឆាប់រហ័ស ទាន់ពេលវេលា បត់បែន និងប្រសិទ្ធភាព ដោយចាំបាច់ត្រូវដាក់ផលប្រយោជន៍រួម និងផលប្រយោជន៍ ប្រជាពលរដ្ឋជាចម្បងបង្អស់។ នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នាព្រឹកថ្ងៃទី ១៥ កក្កដា ក្នុងសន្និសីទ
បូកសរុបប្រតិបត្តិការធនាគារ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ និងអនុវត្តន៍ភារកិច្ចសម្រាប់ ៦ ខែចុងឆ្នាំ ២០២៣។ សន្និសីទនេះត្រូវបាន ធនាគាររដ្ឋវៀតណាមរៀបចំឡើងតាមទម្រង់ដោយផ្ទាល់នៅ ទីស្នាក់ការធនាគាររដ្ឋវៀតណាម (រដ្ឋធានីហាណូយ) និងតភ្ជាប់តាមប្រព័ន្ធវីដេអូជា មួយនឹងសាខាធនាគាររដ្ឋនៅខេត្តក្រុងទាំង ៦៣ លើទូទាំងប្រទេស។
អំពីភារកិច្ច និងដំណោះស្រាយសំខាន់ៗសម្រាប់រយៈពេល៦ខែចុងឆ្នាំ២០២៣ និងនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការអនុវត្ត ដំណោះស្រាយគ្រប់គ្រងគោលនយោបាយរូបិយវត្ថុប្រកបដោយភាពម្ចាស់ការ បត់បែន មានការបន្ធូរបន្ថយដ៏សមស្រប និងទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ដើម្បី ដោះស្រាយការលំបាកសម្រាប់ផលិតកម្ម អាជីវកម្ម ជំរុញកំណើនដោយផ្សាភ្ជាប់នឹង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា; ផ្ដល់អាទិភាពដល់ការប្រើប្រាស់ ការ វិនិយោគ និងការនាំចេញ។ ទន្ទឹមនឹងនោះ បន្តពិនិត្យឡើងវិញ កែលម្អស្ថាប័ន យន្តការ និងគោលនយោបាយស្តីពីរូបិយវត្ថុ និងធនាគារផងដែរ។
ទាក់ទងនឹងសកម្មភាពឥណទាន លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យធនាគាររដ្ឋ ផ្ដោតសំខាន់លើការគ្រប់គ្រងកំណើនសមតុល្យឥណទានដោយមានរចនាសម្ព័ន្ធសមហេតុផល បំពេញតម្រូវការដើមទុនឥណទានសម្រាប់ខឿនសេដ្ឋកិច្ច; តម្រង់ទិសដើម ទុនឥណទានទៅក្នុងវិស័យផលិតកម្ម អាជីវកម្ម វិស័យអាទិភាព និងកម្លាំងចលករនៃ កំណើន; បន្តអនុវត្តន៍ដោយព្រមៗគ្នានូវដំណោះស្រាយដ៏ខ្លាំងក្លា ដើម្បីកាត់បន្ថយ អត្រាការប្រាក់ជាមធ្យម ជាពិសេសអត្រាការប្រាក់កម្ចី។ សម្រាប់អង្គការឥណទាន លោកនាយករដ្ឋមន្ត្រីតម្រូវឱ្យអនុវត្តន៍ដំណោះស្រាយសន្សំសំចៃថ្លៃដើម; កាត់បន្ថយ សម្រួល លើកកំពស់លក្ខណៈសាធារណៈនិងតម្លាភាពនៃនីតិវិធីផ្តល់ប្រាក់កម្ចី ដើម្បីបង្កើនលទ្ធភាពទទួលបានឥណទានសម្រាប់អាជីវកម្មនិងប្រជាជន៕