នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសវនាការជាមួយប្រធានកូរ៉េខាងជើងលោក Kim Jong Un

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ១ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសវនាការជាមួយប្រធានបក្សពលកម្មកូរ៉េខាងជើងនិងជាប្រធានគណៈកម្មាធិការជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Kim Jong – un ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ 
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសវនាការជាមួយប្រធានកូរ៉េខាងជើងលោក Kim Jong Un - ảnh 1នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសវនាការជាមួយប្រធានកូរ៉េខាងជើង លោក Kim Jong - un (រូបថតៈ Chinhphu.vn) 

នៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថាបក្ស រដ្ឋនិងប្រជាជនវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់និងមានបំណងពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយបក្ស រដ្ឋនិងប្រជាជនកូរ៉េខាងជើង។ រដ្ឋាភិបាលនិងប្រជាជនវៀតណាម ត្រៀមជាស្រេច រួមជាមួយរដ្ឋាភិបាលនិងប្រជាជនកូរ៉េខាងជើង ជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

ទាក់ទិនដល់ស្ថានភាពនៅលើឧបទ្វីបកូរ៉េ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា ជាមិត្តជិតស្និទ្ធនិងស្មោះត្រង់របស់ប្រជាជនកូរ៉េខាងជើង វៀតណាមជានិច្ចកាលគាំទ្រឧបទ្វីបកូរ៉េមួយ សន្តិភាព ស្ថិរភាព កិច្ចសហប្រតិ បត្តិការនិងការអភិវឌ្ឍ និងស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងជើងនិងសហរដ្ឋអាមេរិកនៅឯកិច្ចប្រជុំកំពូលលើកទី ២ រួមទាំងបង្ហាញពីក្តីសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងបន្តជំរុញកិច្ចពិភាក្សានិងដោះស្រាយដោយសន្តិភាពនូវបញ្ហាពាក់ព័ន្ធ។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា តាមលទ្ធភាពរបស់ខ្លួន វៀត ណាមបាននិងបន្តគាំទ្រនិងរួមចំណែកជាវិជ្ជមានចំពោះដំណើរការទាំងអស់ពោលខាងលើ។

ចំណែកឯប្រធានកូរ៉េខាងជើង លោក Kim Jong – un  បានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ ចំពោះសមិទ្ធិដ៏ធំធេងក្នុងការកសាងប្រទេសជាតិនិងអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមដែលប្រជាជនវៀតណាមសម្រេចបាននាពេលកន្លងទៅ។ លោកប្រធានកូរ៉េខាងជើងបានអះអាងនូវគោលជំហរឥតងាករ៉េរបស់បក្សនិងរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដែលជានិច្ចកាលគោរពនិងចង់បន្តពង្រឹងចំណងមិត្តភាពជាប្រពៃណីជាមួយវៀតណាម ដោយលោកប្រធាន Kim Il – sung និងលោកប្រធានហូជីមិញក៏ដូចជាថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដែលបានកសាងនិងពូនជ្រុំដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមជាមួយនោះ លោកប្រធាន Kim Jong – un ក៏មានបំណងចង់ឲ្យប្រទេសទាំងពីរ បង្កើនការជួបប្រាស្រ័យនិងកិច្ចសហប្រតិបត្តិការលើវិស័យនានាឈរលើមូលដ្ឋាននៃតម្រូវការនិងសក្កានុភាពនៃប្រទេសនីមួយៗ សមស្របជាមួយការអភិវឌ្ឍនៃស្ថានភាពថ្មី។

លោកប្រធាន Kim Jong – un បានវាយតំលៃខ្ពស់ចំពោះតួនាទីនិងឋានៈដ៏សំខាន់របស់វៀតណាមលើឆាកអន្តរជាតិ និងថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចមិត្តភាពដ៏កក់ក្តៅនិងយកចិត្តទុកដាក់បំផុតរបស់ថ្នាក់ដឹកនាំនិងប្រជាជន វៀត ណាមក៏ដូចជារាល់កិច្ចខិតខំប្រឹងប្រែងដ៏វិជ្ជមានរបស់វៀតណាមសម្រាប់កិច្ចប្រជុំកំពូលអាម៉េរិក - កូរ៉េខាងជើងលើកទី ២ ផងដែរ។

មុននឹងជំនួបពិភាក្សា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងលោកប្រធាន Kim Jong – un បានអញ្ជើញទៅទស្សនាការតាំងពិព័រណ៍រូបថត “ទំនាក់ទំនងវៀតណាម - កូរ៉េខាងជើង” ដែលរៀបចំឡើងដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម។ ថ្នាក់ដឹកនាំទាំងពីររូបបានអញ្ជើញទស្សនានូវរូបថតដែលបង្ហាញពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងវៀតណាមនិងកូរ៉េខាងជើង៕

ប្រតិកម្មទៅវិញ