នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងលោកជំទាវអញ្ជើញមកដល់ប្រទេសស្វីស ចាប់ផ្តើមចូលរួម WEF Davos ២០២៤ (រូបថត៖ VOV) |
ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងអញ្ជើញចូលរួមដឹកនាំនិងថ្លែងមតិនៅព្រឹត្តិការណ៍មួយចំនួន ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ WEF Davos ២០២៤។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបជាមួយសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ WEF; ជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំបណ្តាប្រទេស អង្គការអន្តរជាតិ និងអាជីវកម្ម WEF; ជាមួយគ្នានេះ លោកបានចូលរួម និងថ្លែងមតិនៅក្នុងសិក្ខាសាលាស្តីពីបទពិសោធន៍ និងគំរូសម្រាប់ការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់ស្វីស; ជួបជាមួយថ្នាក់ដឹកនាំនៃសាជីវកម្ម និងធុរកិច្ចឈានមុខរបស់ស្វីស។
ការចូលរួមរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក្នុងកិច្ចប្រជុំ WEF Davos ២០២៤ ជាមួយនឹងសកម្មភាពមមាញឹក បង្ហាញពីភាពវិជ្ជមាន និងការរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់វៀតណាមនៅក្នុងកិច្ចប្រជុំនេះ។ អាស្រ័យហេតុនេះ មិត្តអន្តរជាតិយល់កាន់តែច្បាស់អំពីសក្ដានុពល កាលានុវត្តភាពកិច្ចសហប្រតិបត្តិការ តួនាទី និងឋានៈអន្តរជាតិរបស់វៀតណាម ដើម្បីទាក់ទាញធនធានអតិបរមាសម្រាប់បម្រើការអភិវឌ្ឍប្រទេសជាតិ។ ទន្ទឹមនឹងនេះ ជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសស្វីស ជាពិសេសក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ៕