នាយករដ្ឋមន្ត្រីចិន លោក Li Qiang |
នាយករដ្ឋមន្ត្រីចិនលោក Li Qiang បំពេញទស្សនកិច្ចរយៈពេល ៦ ថ្ងៃទៅកាន់អាល្លឺម៉ង់ និងបារាំង។ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានអញ្ជើញទៅកាន់ទីក្រុងប៊ែរឡាំងកាលពីយប់មិញ (ថ្ងៃទី១៨ ខែមិថុនា) ចាប់ផ្តើមដំណើរទស្សនកិច្ចនៅបរទេសលើកដំបូង បន្ទាប់ពីចូលកាន់តំណែងកាលពីខែមីនាឆ្នាំនេះ។
អញ្ជើញថ្លែងបន្ទាប់ពីបានទៅកាន់ទីក្រុងប៊ែរឡាំង លោកនាយករដ្ឋមន្ត្រី Li Qiang បានសង្កត់ធ្ងន់ថា អាល្លឺម៉ង់គឺជាគោលដៅដើមដំបូងរបស់លោកក្នុងដំណើរទស្សនកិច្ចនៅឯបរទេសដើមដំបូងរបស់លោក បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីចិន។ នេះនឹងជា “ដំណើរស្នងមរតកចំណងមិត្តភាព និងធ្វើឲ្យស៊ីជម្រៅថែមទៀតកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
យោងតាមសេចក្តីថ្លែងការណ៍មុននោះរបស់ក្រសួងការបរទេសចិនបានឲ្យដឹងថា ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៣ ខែមិថុនា នាយករដ្ឋមន្ត្រីចិន លោក Li Qiang អញ្ជើញទៅកាន់អាល្លឺម៉ង់ចូលរួមកិច្ចពិគ្រោះយោបល់អន្តររដ្ឋាភិបាលចិន-អាល្លឺម៉ង់លើកទី ៧ ហើយបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសនេះ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Li Qiang នឹងជួបសន្ទនាជាមួយប្រធានាធិបតីអាល្លឺម៉ង់លោក Steinmeier បន្ទាប់មកលោកនឹងដឹកនាំជំនួបពិគ្រោះយោបល់អន្តររដ្ឋាភិបាលចិន-អាល្លឺម៉ង់លើកទី៧ ជាមួយសមភាគីអាល្លឺម៉ង់លោក Olaf Scholz។ លោក Li Qiang ក៏នឹងចូលរួមសកម្មភាពសំខាន់ៗមួយចំនួនទៀត។
បន្ទាប់ពីអាល្លឺម៉ង់ នាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅបារាំង ហើយចូលរួមកិច្ចប្រជុំកំពូលស្តីពីសន្ធិសញ្ញាហិរញ្ញវត្ថុសកលថ្មី ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស។
ដំណើរទស្សនកិច្ចរបស់លោក Li Qiang ទៅកាន់អឺរ៉ុប បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron នាខែមេសា និងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់អធិការបតីអាល្លឺម៉ង់លោក Olaf Scholz នាចុងឆ្នាំ ២០២២៕