លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងអ្នកតំណាងអញ្ជើញចូលរួមកម្មវិធី (រូបថត៖ Vu Toan/VOV) |
នាយប់ថ្ងៃទី ២១ ខែវិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេសក្រោមប្រធានបទ “សេចក្តីជឿជាក់និងសេចក្តីប្រាថ្នា”។ កម្មវិធីនេះត្រូវបានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ VTV1 នៃស្ថាននីយ៍ទូរទស្សន៍វៀតណាម។
នេះជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍នានា ដោយក្រសួងវប្បធម៌ កីឡានិងទេសចរណ៍រៀបចំឡើង ដើម្បីអបអរសាទរសន្និសីទវប្បធម៌ជាតិឆ្នាំ ២០២១ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ។ លោក Ta Quang Dong អនុរដ្ឋមន្ត្រី ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានឲ្យដឹងថា៖ “ប្រធានបទ “សេចក្តីជឿជាក់និងសេចក្តីប្រាថ្នា” គឺជាប្រធានបទដែលយើងប្រកាន់ខ្ជាប់ ឆ្ពោះទៅរកវប្បធម៌ជាមូលដ្ឋានគ្រឹះខាងស្មារតី។ នោះហើយ ជាមូលហេតុដែលយើងរៀបចំសកម្មភាពសម្តែងដែលនិយាយអំពីតម្លៃស្នូលនៃវប្បធម៌របស់យើង តម្លៃប្រពៃណីដែលយើងផ្អែកលើមូលដ្ឋានគ្រឹះនោះ ដើម្បីឱ្យយើងអាចបោះជំហានទៅមុខ”។
កម្មវិធីសិល្បៈពិសេសក្រោមប្រធានបទ “សេចក្តីជឿជាក់និងសេចក្តីប្រាថ្នា” ត្រូវបានបង្កើតឡើងយ៉ាងល្អិតល្អន់ ដោយប្រមូលផ្តុំអង្គភាពសិល្បៈអាជីពជាង ១០ ក្រុម ចូលរួមរៀបចំនិងការសម្តែង។ កម្មវិធីនេះរួមបញ្ចូលទម្រង់ជាច្រើន ទាំងសិល្បៈប្រពៃណីនិងសហសម័យផងដែរ៕