នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម - អង់គ្លេសឲ្យកាន់តែអភិវឌ្ឍន៍ថែមទៀត

Chia sẻ

(VOVWORLD) -  នាថ្ងៃទី ២២ ខែកក្កដានៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានទទួលជួបជាមួយលោក Ben Wallace រដ្ឋមន្រ្តីក្រសួងការពារជាតិចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើងដែលកំពុងបំពេញទស្សនកិច្ចការងារនៅ វៀតណាម។

នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម - អង់គ្លេសឲ្យកាន់តែអភិវឌ្ឍន៍ថែមទៀត - ảnh 1លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ទទួលជួបលោក Ben Wallace រដ្ឋមន្រ្តីក្រសួងការពារជាតិនៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង (រូបថត៖ VOV)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងវៀតណាម - អង់គ្លេស លើវិស័យដូចជា នយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្តិសុខនិងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យភាគីអង់គ្លេស ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (UKVFTA) រួមទាំងលើកទឹកចិត្តឱ្យសហគ្រាសអង់គ្លេសធ្វើការវិនិយោគនៅវៀតណាម និងជាពិសេសបង្កើតលក្ខខណ្ឌសម្រាប់ទំនិញវៀតណាមចូលទីផ្សារអង់គ្លេសកាន់តែច្រើនឡើងៗ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការការពារជាតិ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យភាគីទាំងពីរ ចាំបាច់ត្រូវបន្តពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនិងយោធានៃប្រទេសទាំងពីរ ទាំងទ្វេភាគីនិងនៅវេទិកាពហុភាគី រួមវិភាគទានដល់ការអភិវឌ្ឍន៍រួមនៃភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេសដែលសមស្របសម្រាប់ផលប្រយោជន៍ របស់ភាគីនិមួយៗ និងរួមចំណែកដល់សន្តិភាព ស្ថិរភាពក្នុងតំបន់និងលើពិភព លោក។

នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម - អង់គ្លេសឲ្យកាន់តែអភិវឌ្ឍន៍ថែមទៀត - ảnh 2លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានផ្ញើលិខិតថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេសនិងនាយករដ្ឋមន្រ្តី Boris Johnson ដែលបានរួមដៃជួយគាំទ្រដល់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ VOV)

រីឯខ្លួនវិញ រដ្ឋមន្ត្រី Ben Wallace បានអះអាងថា ចក្រភពអង់គ្លេសជានិច្ចកាលយកចិត្តទុកដាក់ដល់ភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម និងវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានសំខាន់ៗរបស់វៀតណាមចំពោះតំបន់និងពិភពលោក។ យ៉ាងណាមិញ ក្រសួងការពារជាតិអង់គ្លេសមានឆន្ទៈបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារជាតិវៀតណាម ក្នុងការបង្កើនការជួបប្រាស្រ័យ ពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក និងធ្វើការជាមួយគ្នាដោយឈរលើមូលដ្ឋានសមស្របជាមួយនឹងតម្រូវការសហប្រតិបត្តិការនិងសមត្ថភាពផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងនោះមានទាំងការបណ្តុះបណ្តាល ការចែករំលែកបទពិសោធន៍និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ដូចជាការចូលរួមជាមួយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាដើម។

ពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិមួយចំនួន ភាគីទាំងពីរបានចែករំលែកនិងសង្កត់ធ្ងន់លើសារសំខាន់នៃការធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍។ ដោះស្រាយជំលោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដែលរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ