នាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំងកាន់តែស៊ីជម្រៅ

Chia sẻ
(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយបារាំង ដែលជាសមាជិកដ៏សំខាន់របស់សហភាពអឺរ៉ុប និងជាដៃគូយុទ្ធសាស្ត្ររបស់ វៀតណាម។ 
នាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំងកាន់តែស៊ីជម្រៅ - ảnh 1នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne - (រូបថត៖ VGP/Nhat Bac)

នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne ដើម្បីពិភាក្សាអំពីវិធានការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំង ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឆ្ពោះទៅខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងបារាំង និងរយៈពេល ១០ ឆ្នាំនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ឆ្នាំ ២០២៣។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយបារាំង ដែលជាសមាជិកដ៏សំខាន់របស់សហភាពអឺរ៉ុប និងជាដៃគូយុទ្ធសាស្ត្ររបស់វៀតណាម។ នាយករដ្ឋមន្ត្រីបានស្នើឱ្យបារាំងបង្កើតលក្ខខណ្ឌសម្រាប់ផលិតផលកសិកម្មតាមរដូវកាលរបស់វៀតណាមអាចចូលទៅកាន់ទីផ្សារបារាំង; ទន្ទឹមនឹងនោះ លោកបានស្នើឱ្យបារាំង បញ្ចប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA) ដើម្បីបង្កើតកម្លាំងចលករសម្រាប់ជំរុញទំនាក់ទំនងវិនិយោគទ្វេភាគី និងជំរុញគណៈកម្មការអឺរ៉ុប (EC) ដើម្បីដក "កាតលឿង" សម្រាប់គ្រឿងសមុទ្រវៀតណាម។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោកស្រី Elisabeth Borne បានស្នើឱ្យប្រទេសទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំងកាន់តែស៊ីជម្រៅ និងជាក់ស្តែងថែមទៀត តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រួមទាំងថ្នាក់ខ្ពស់ផងដែរ។

នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានអះអាងបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ។ នាយករដ្ឋមន្ត្រីទាំងពីររូបបានអះអាងនូវសារៈសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)៕

ប្រតិកម្មទៅវិញ