ក្រុមអ្នកសង្គ្រោះ ស្វែងរកជនរងគ្រោះក្នុងការធ្លាក់យន្តហោះ ចូលបឹង Victoria ប្រទេសតង់ហ្សានី ថ្ងៃទី៦ វិច្ឆិកា។ (រូបថត៖ Reuters) |
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Bukoba នាយករដ្ឋមន្ត្រីតង់ហ្សានីលោក Kassim Majaliwa បានបញ្ជាក់ថា ប្រជាជនតង់ហ្សានី សូមចូលរួមរំលែកទុក្ខចំពោះអ្នកដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ។
មុននោះ ប៉ូលីសតង់ហ្សានី បានឲ្យដឹងថា យន្តហោះ ATR 42-500 ដែលចេញដំណើរពីទីក្រុង Dar es Salaam បានធ្លាក់ចូលទៅក្នុងបឹង Victoria ខណៈព្យាយាមចុះចតនៅអាកាសយានដ្ឋាន Bukoba ក្នុងស្ថានភាពព្យុះ និងភ្លៀងខ្លាំង។ យន្តហោះនេះបានដឹកមនុស្សសរុបចំនួន ៤៣ នាក់ រួមមានអ្នកដំណើរ ៣៩ នាក់ និងក្រុមយានិក ៤ នាក់ ក្នុងនោះមានអាកាសយានិក ២ នាក់ និងអ្នកបម្រើលើយន្តហោះចំនួន ២ នាក់។
ក្រុមហ៊ុនអាកាសចរណ៍ Precision Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ឯកជនដ៏ធំបំផុតនៅក្នុងប្រទេសតង់ហ្សានី ក៏បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការដោយបញ្ជាក់ថា ជើងហោះហើរ PW 494 របស់ខ្លួនបានធ្លាក់ចូលទៅក្នុងបឹង Victoria នៅថ្ងៃទី ៦ ខែវិច្ឆិកា ខណៈពេលដែលកំពុងព្យាយាមចុះចតនៅអាកាសយានដ្ឋាន Bukoba ក្បែរនោះ។៕