យោងតាមប្រភពព័ត៌មាន ទីប្រឹក្សាសន្តិសុខជាតិនៃប្រទេសជាច្រើន រួមទាំងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan នឹងមកទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីពិភាក្សា។ ប៉ុន្តែ ភាគីរុស្ស៊ីមិនទាន់ទទួលបានការអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនោះទេ ហើយមិនច្បាស់ថា តើចិននឹងបញ្ជូនអ្នកតំណាងឱ្យចូលរួមដែរឬទេ។ របៀបវារៈនឹងផ្តោតលើការពិភាក្សាអំពីគំនិតផ្តួចផ្តើមសន្តិភាពរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky។
កាលពីម្សិលមិញដែរ មជ្ឈដ្ឋានមន្ត្រីអាមេរិកបានឲ្យដឹងថា ប្រទេសនេះនឹងផ្ទេរអាវុធ និងគ្រាប់រំសេវដែលរឹបអូសពីអ៊ីរ៉ង់ទៅឲ្យអ៊ុយក្រែន។ គ្រាប់រំសេវរបស់អ៊ីរ៉ង់នេះត្រូវ កងទ័ពជើងទឹកអាមេរិករឹបអូស កាលពីខែធ្នូឆ្នាំមុន នៅពេលដែលកំពុងដឹកជញ្ជូនឲ្យក្រុម Houthi ក្នុងប្រទេសយេម៉ែន។
ទាក់ទិននឹងស្ថានការណ៍នៅអ៊ុយក្រែន កងទ័ពជើងទឹកអ៊ុយក្រែននៅថ្ងៃទី ៤តុលា បានប្រកាសថា នាវាដឹកទំនិញចំនួន ១២ គ្រឿងទៀតបានត្រៀមខ្លួនជាស្រេចដើម្បីចូលទៅក្នុងច្រករបៀងដឹកជញ្ជូនសមុទ្រខ្មៅដែលទើបបង្កើតដោយក្រុងគៀវនៅលើផ្លូវទៅកាន់កំពង់ផែនៃប្រទេសអឺរ៉ុបខាងកើតនេះ។ កងទ័ពជើងទឹកអ៊ុយក្រែនក៏បានអះអាងដែរថា កម្លាំងនេះខិតខំធានាសុវត្ថិភាពរបស់កប៉ាល់ស៊ីវិលនៅក្នុងដែនទឹករបស់ខ្លួន ហើយនាវាទាំង ១២ ដែលបានរៀបរាប់ខាងលើកំពុងចូលដែនទឹកនៃប្រទេសរ៉ូម៉ានី ប៊ុលហ្គារី និងទួរគី៕