ទួរគីមិនទាន់​យល់ព្រមឱ្យស៊ុយអែត​ចូលជាសមាជិកណាតូឡើយ​

Chia sẻ
(VOVWORLD) - ថ្លែងមតិបន្ទាប់ពីកិច្ចប្រជុំត្រីភាគី រវាងអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg និងតំណាងប្រទេសទួរគី និងស៊ុយអែតកាលពីថ្ងៃទី ៦ ខែកក្កដា នៅទីក្រុងប្រ៊ុចសែល (បែលហ្សិក) លោក Jens Stoltenberg បានឲ្យដឹងថា ទួរគីមិនបានបើកភ្លើងខៀវ "សម្រាប់ស៊ុយអែតដើម្បីចូលរួមសម្ព័ន្ធភាពយោធានេះនៅឡើយទេ។
ទួរគីមិនទាន់​យល់ព្រមឱ្យស៊ុយអែត​ចូលជាសមាជិកណាតូឡើយ​ - ảnh 1អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ក្នុងសន្និសីទសារព័ត៌មាននៅបែលហ្សិក។ (AFP/TTXVN)

ទោះជាយ៉ាងណាក៏ដោយ យោងតាមលោក Stoltenberg ជំនួបរបស់លោកជាមួយតំណាងប្រទេសស៊ុយអែត និងទួរគីបានប្រព្រឹត្តិទៅ "ប្រកបដោយប្រសិទ្ធិភាព" ហើយក្នុងពេលដំណាលគ្នានោះ លោកបានសម្តែងសុទិដ្ឋិនិយមអំពីយថាទស្សន៍ដែលស៊ុយអែតក្លាយជាសមាជិកអង្គការណាតូ។ លោកបានឲ្យដឹងថា នឹងមានជំនួបមួយរវាងប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan និងនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson នៅមុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសលីទុយអានី នៅថ្ងៃទី ១១-១២ ខែកក្កដា។ យោងតាមប្រមុខអង្គការណាតូ ស៊ុយអែតបានបង្ហាញសុច្ឆន្ទៈនៅពេលបានធ្វើការកែសម្រួលតាមសំណើរបស់ទួរគី ដូចជា៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការណែនាំសេចក្តីព្រាងច្បាប់ថ្មីប្រឆាំងនឹងអំពើភេរវកម្ម ការរឹតបន្តឹងសកម្មភាពនាំចេញអាវុធសម្រាប់ទីក្រុងអង់ការ៉ា។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសទួរគីលោក Hakan Fidan បានទទួលស្គាល់ការកែសម្រួលរបស់ប្រទេសស៊ុយអែត ប៉ុន្តែបានសង្កត់ធ្ងន់ថា ការកែសម្រួលនេះគួរតែផ្សារភ្ជាប់ជាមួយនឹងសកម្មភាពជាក់ស្តែង។ លោក Fidan បានលើកច្បាស់ថា ប្រទេសដែលចង់ចូលជាសមាជិកណាតូ ត្រូវតែប្រកាន់ខ្ជាវ់នូវគោលជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក Tobias Billstrom បានវាយតម្លៃថា កិច្ចប្រជុំសម្រេចបានវឌ្ឍនភាពជាក់ស្តែង ហើយរំពឹងថានឹងមាន "ការសម្រេចចិត្តជាវិជ្ជមាននាសប្តាហ៍ក្រោយ"៕

ប្រតិកម្មទៅវិញ