ទាញយកឱកាសឲ្យបានអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អង់គ្លេស

Chia sẻ
(VOVWORLD) - នៅរសៀលថ្ងៃទី៣០ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោក Gareth Ward ឯកអគ្គរាជទូតចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើងប្រចាំវៀតណាម។ 
ទាញយកឱកាសឲ្យបានអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អង់គ្លេស - ảnh 1ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ TTXVN)

លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា អង់គ្លេសជាដៃគូមួយក្នុងចំណោមដៃគូសេដ្ឋកិច្ចសំខាន់ជួរមុខរបស់វៀតណាមនៅអឺរ៉ុប ដូច្នេះ ប្រទេសទាំងពីរត្រូវការសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀតដើម្បីទាញយកឱកាសឲ្យបានអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អង់គ្លេស។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យអង់គ្លេសបើកទូលាយទីផ្សារថែមទៀតសម្រាប់ទំនិញនាំចេញរបស់វៀតណាម ព្រមទាំងស្នើឲ្យអង់គ្លេសបន្តជួយឧបត្ថម្ភ បង្កលក្ខណៈងាយស្រួលដល់សហគមន៍ ជនវៀតណាមដែលកំពុងធ្វើការ សិក្សារៀនសូត្រនិងរស់នៅអង់គ្លេសផងដែរ។

ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនអង់គ្លេសដែលបានជួយឧបត្ថម្ភវ៉ាក់សាំងជូនវៀតណាម ហើយស្នើឲ្យអង់គ្លេសបន្តឧបត្ថម្ភវ៉ាក់សាំង សម្ភារៈបរិក្ខារពេទ្យ ហើយពិចារណាផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងនិងផ្គត់ផ្គង់ថ្នាំព្យាបាលជម្ងឺកូវីដ ១៩ ដល់វៀតណាម។

រីឯខ្លួនវិញ លោកឯកអគ្គរាជទូត Gareth Ward បាននិយាយថា អង់គ្លេសប្ដេជ្ញាជំរុញការចែកចាយវ៉ាក់សាំងដល់វៀតណាមតាមរយៈយន្តការ COVAX ក៏ដូចជាជួយឧបត្ថម្ភជាសម្ភារៈបរិក្ខារពេទ្យផងដែរ។ ដោយសង្កត់ធ្ងន់ថា រដ្ឋាភិបាលអង់គ្លេសចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់នៅក្នុងតំបន់ លោកឯកអគ្គរាជទូតឲ្យដឹងថា នឹងសហការជាមួយស្ថាប័ននានារបស់អង់គ្លេសលើកទឹកចិត្តសហគ្រាសក្នុងស្រុកពង្រីកការវិនិយោគចូលមកវៀតណាម។ លោកបានបញ្ជាក់ថា អង់គ្លេសត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការនិងជួយវៀតណាមផ្លាស់ប្ដូរទៅរកថាមពលស្អាត ហើយទទួលបានហិរញ្ញវត្ថុបៃតងសម្រាប់អភិវឌ្ឍគម្រោងការណ៍ថាមពលកកើតឡើងវិញ។ ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត លោកឯកអគ្គរាជទូត Gareth Ward បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការធានាសេរីភាពនាវាចរណ៍ អាកាសចរណ៍ សន្តិសុខនិងសន្តិភាពនៅសមុទ្រខាងកើត និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើការគោរពច្បាប់អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ