ពិធីរំលឹកខួប ១៣០ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍទីក្រុង Da Lat ហើយទទួលកិត្តិនាមជាទីក្រុងច្នៃប្រឌិតក្នុងវិស័យតន្ត្រីរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)។ |
នាយប់ថ្ងៃទី ៣០ ខែធ្នូ នៅទីលាន Lam Vien ទីក្រុង Da Lat ខេត្ត Lam Dong បានប្រារព្ធពិធីរំលឹកខួប ១៣០ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍទីក្រុង Da Lat ហើយទទួលកិត្តិនាមជាទីក្រុងច្នៃប្រឌិតក្នុងវិស័យតន្ត្រីរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)។
អញ្ជើញថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះបានរួមចំណែកក្នុងការកំណត់ម៉ាកសញ្ញា និងផ្សព្វផ្សាយរូបភាពទីក្រុង Da Lat - ខេត្ត Lam Dong ជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ សុវត្ថិភាព អារិយ្យធម៌ និងមិត្តភាព។ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានស្នើថា៖
“រដ្ឋបាលនិងប្រជាជនទីក្រុង Da Lat ចាំបាច់ត្រូវបន្តថែរក្សា និងពូនជ្រុំផែនមហាសាមគ្គីជនជាតិទាំងមូល កៀរគរធនធានសង្គមប្រកបដោយប្រសិទ្ធភាពថែមទៀតក្នុងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពស៊ីសង្វាក់គ្នា សមហេតុផល និងប្រសិទ្ធភាព ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធផ្នែកវប្បធម៌ ការអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធបម្រើការផ្លាស់ប្តូរឌីជីថល និងការសាងសង់ទីក្រុងឆ្លាតវៃ រួមចំណែកធ្វើឱ្យទីក្រុង Da Lat ក្លាយជាទីក្រុងអភិវឌ្ឍន៍ដ៏សំខាន់នៃតំបន់ និងប្រទេសជាតិ ដែលជាចំណុចតភ្ជាប់ដ៏សំខាន់ជាមួយតំបន់ និងពិភពលោក”។
លោកឧបនាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកផងដែរថា ទីក្រុង Da Lat ចាំបាច់ត្រូវបន្តពត្រីកកិត្តិនាមជាទីក្រុងមហោស្រពផ្កាវៀតណាម; ទាញយកប្រយោជន៍ពីសក្តានុពល និងគុណសម្បត្តិ វិនិយោគ អភិវឌ្ឍន៍ទេសចរណ៍គុណភាពខ្ពស់; អភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ក្នុងទិសដៅបៃតង ស្អាត និរន្តរភាព និងមេត្រីភាពបរិស្ថាន; ចូលរួមយ៉ាងសកម្ម និងលើកកម្ពស់តួនាទីរបស់ខ្លួនជាសមាជិកនៃបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ៕