រដ្ឋាភិបាលថៃកំពុងដេញតាមផែនការដ៏ពេញទៅដោយបំណងប្រាថ្នាមួយ គឺ កសាងបណ្តាញផ្លូវដែកល្បឿនលឿន ដែលតភ្ជាប់ព្រះរាជាណាចក្រនេះជាមួយបណ្ដាប្រទេសដទៃក្នុងតំបន់ ឆ្ពោះទៅសិង្ហបុរីនិងចិន។
លោក Pailin Chuchottaworn អនុរដ្ឋមន្រ្តីក្រសួងគមនាគមន៍ថៃបានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសនេះកំពុងកសាងខ្សែផ្លូវដែកមួយចំនួន ហើយនឹងបន្តដេញថ្លៃសម្រាប់គម្រោងនេះ។ តាម លោក Pailin ថា នាពេលអនាគតដ៏ខ្លីខាងមុខ ប្រជាជនថៃអាចជិះរថភ្លើងល្បឿនលឿន ពីស្ថានីយ៍មួយនៅខ័ណ្ឌ Bang Sue នៃទីក្រុងបាងកក ទៅកាន់ទីក្រុងប៉េកាំង និងសិង្ហបុរី ប្រសិនបើការកសាងខ្សែរថភ្លើងល្បឿនលឿនចំនួន ៤ ត្រូវបានសម្រេចជាស្ថាពរ ហើយ ស្ថានីយ៍នៅខ័ណ្ឌ Bang Sue នឹងក្លាយទៅជាមជ្ឈមណ្ឌលនៃ "ប្រព័ន្ធផ្លូវដែក ឆ្លង ASEAN" ។
តាមផែនការខ្សែផ្លូវដែកនេះមាន ប្រវែងសរុប ៣១៩៣ គីឡូម៉ែត្រ ដែលចំណាយប្រាក់សាងសង់ប្រមាណ ២០០៩ ពាន់លានបាត។ ប្រព័ន្ធផ្លូវរថភ្លើងនេះនឹងតភ្ជាប់ទីក្រុង Bang Sue ជាមួយឈៀងម៉ៃនៅភាគខាងជើង ឡាវនៅប៉ែកឦសាន កម្ពុជានៅប៉េកខាងកើត និងម៉ាឡេស៊ីនៅភាគខាងត្បូង។ ក្នុងនោះ ខ្សែផ្លូវដំបូងគឺជាគម្រោងសហប្រតិបត្តិការរវាងថៃនិងចិន ដែលតភ្ជាប់ទីក្រុងបាងកកនិងខេត្តណងខៃ ប៉ែកភាគឦសាន។
ខ្សែផ្លូវនេះមានប្រវែង ៦០៨ គីឡូម៉ែត្រ ដែលគ្រោងនឹងសម្រេចជាស្ថាពរនាឆ្នាំ២០២៣ ខាងមុខ ហើយនឹងក្លាយជាប្រព័ន្ធផ្លូវគមនាគមន៍ដ៏សំខាន់ទៅកាន់ឡាវ។ ពីព្រំដែន ខ្សែផ្លូវដែកមួយទៀតនឹងឆ្លងទីក្រុងវៀងចន្ទន៍នៃប្រទេសឡាវ ហើយខ្សែផ្លូវចុងក្រោយ ដែលមានប្រវែង ៤១៤ គីឡូម៉ែត្រ នឹងឆ្លងទីរួមស្រុកព្រំដែន ម៉ូណាន ខេត្តយូណាន នៃប្រទេសចិន៕