ខ្មាន់កាំភ្លើងតាលីបង់នៅតាមដងវិថី Ghazni កាលពីថ្ងៃទី១២ ខែសីហា។ (រូបថត៖ CNN) |
នាថ្ងៃទី១៥ ខែសីហា សមត្ថកិច្ចមូលដ្ឋានរបស់អាហ្គានីស្ថានបានជូនដំណឹងថា កម្លាំងតាលីបង់បានដណ្ដើមកាន់កាប់ Mazar-i-Sharif ដែលទីក្រុងសំខាន់ចុងក្រោយរបស់រដ្ឋាភិបាលនៅភាគខាងជើង ខណៈដែលកងកម្លាំងសន្តិសុខកំពុងស្វែងរកវិធីរត់ភៀសខ្លួនឆ្លងព្រំដែនជាប់ជាមួយអ៊ូសបេគីស្ថាន។ អ្នកដឹកនាំក្រុមប្រឹក្សាខេត្ត Balkh លោក Afzal Hadid ឲ្យដឹងថា ទីក្រុងនេះហាក់ដូចជាបានធ្លាក់ទៅលើដៃគេ ដោយគ្មានការប៉ះទង្គិចគ្នាផ្ទុះឡើងទេ ហើយកងកម្លាំងសន្តិសុខទាំងស្រុងបានចាកចេញពី Mazar-i-Sharif។
មុននោះ នៅថ្ងៃទី១១ ខែសីហា លោកប្រធានាធិបតី Ashraf Ghani បានទៅកាន់ Mazar-i-Sharif ដើម្បីបញ្ជាដឹកនាំការពង្រឹងប្រព័ន្ធការពារ ក៏ដូចជាជួបធ្វើការជាមួយមេដឹកនាំកម្លាំងយោធាប្រចាំតំបន់ផងដែរ។
ក្រោយពី Mazar-i-Sharif ត្រូវធ្លាក់ទៅលើដៃគេ កងទ័ពរដ្ឋាភិបាលអាហ្គានីស្ថាននាបច្ចុប្បន្នកំពុងកាន់កាប់រដ្ឋធានីកាប៊ុលនិងទីក្រុង Jalalabad នៅភាគខាងកើត ក្បែរព្រំដែនប៉ាស៊ីស្ថាន។ មន្ត្រីការពារជាតិអាមេរិកមួយរូបបានសម្ដែងការព្រួយបារម្ភថា តាលីបង់នឹងវាយប្រហារទៅលើរដ្ឋធានីកាប៊ុលក្នុងប៉ុន្មានថ្ងៃខាងមុខ។ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃទី១៤ ខែសីហា ប្រកាសថា អាមេរិកនឹងដាក់ពង្រាយទាហានចំនួន៥០០០នាក់ទៅកាន់អាហ្គានីស្ថានដើម្បីជួយការងារជម្លៀសពលរដ្ឋ។
នាបច្ចុប្បន្ន តាលីបង់កំពុងប្រើប្រាស់វិធានការយោធាដើម្បីដណ្ដើមយករដ្ឋអំណាចវិញ ដែលត្រូវផ្ដួលរំលំកាលពី២០ឆ្នាំមុននេះ ក្រោយពីយុទ្ធនាការធ្វើអន្តរាគមន៍ដោយយោធារបស់អាមេរិក។ ក្រោយពីអាមេរិកនិងកងកម្លាំងបរទេសចាប់ផ្ដើមដកទ័ពចេញពីអាហ្គានីស្ថានកាលពីខែឧសភាកន្លងទៅ តាលីបង់បានធ្វើការវាយប្រហារជាបន្តបន្ទាប់ដើម្បីដណ្ដើមយកដែនដីអាហ្គានីស្ថានជាង៦៥%៕