លោកស្រី Ha Thi Nga ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម (រូបថត៖ Phuong Hoa/TTXVN) |
នាថ្ងៃទី ១ មេសា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមនារីវៀតណាមបានរៀបចំពិធីជួបសំណេះសំណាលជាមួយដៃគូរ “រួមដៃដើម្បីវឌ្ឍនភាពរបស់ស្ត្រីនិងការអភិវឌ្ឍប្រកបដោយចីរភាព” ដើម្បីសម្តែងការដឹងគុណចំពោះការគាំទ្រនិងជំនួយឧបត្ថម្ភដ៏មានតម្លៃរបស់មិត្តភក្តិអន្តរជាតិ ព្រមទាំងផ្តល់ព័ត៍មានអំពីមហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី ១៣ ក៏ដូចជាទិសដៅសំខាន់ៗ របស់សមាគមសម្រាប់អាណត្តិ ២០២២ - ២០២៧ ផងដែរ។
ក្នុងជំនួបនេះ ប្រធានសម្ព័ន្ធសមាគមនារីវៀតណាមលោកស្រី Ha Thi Nga បានអះអាងថា៖ សម្ព័ន្ធសមាគមនារីវៀតណាមតែងតែគោរពនិងថ្លែងអំណរគុណចំពោះការស្រឡាញ់រាប់អាននិងការយកចិត្តទុកដាក់របស់មិត្តអន្តរជាតិ ដៃគូនានាដែលបានជឿទុកចិត្ត រួមដំណើរជាមួយសមាគមក្នុងសកម្មភាពដើម្បីវឌ្ឍនភាពរបស់ស្ត្រីនិងសមភាពយេនឌ័រក្នុងអាណត្តិទី ១២ ក៏ដូចជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លង មក ។ យ៉ាងណាមិញ សមាគមតែងតែមានការរួមដំណើររបស់ដៃគូរនិងមិត្តភ័ក្តិអន្តរជាតិ ជាពិសេសនៅពេលប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមកដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេល ២ ឆ្នាំកន្លងមក រួមទាំងគ្រោះមហន្តរាយធម្មជាតិដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុទៀតផង។
ក្នុងអាណត្តិការងាររបស់ខ្លួន តាមរយៈគណៈកម្មាធិការមជ្ឈិមនៃសមាគម ដៃគូអន្តរជាតិបានផ្តល់ជំនួយ ៩,១លានដុល្លារអាមេរិក ដែលរួមចំណែកដល់ការអនុវត្តសកម្មភាពរបស់សមាគមនិងការកសាងសមត្ថភាពសម្រាប់បុគ្គលិករបស់សមាគម។ នាពេលខាងមុខ សមាគមសង្ឃឹមថា អង្គការនិងដៃគូអន្តរជាតិនានានឹងគាំទ្រដល់ការអនុវត្តគោលនយោបាយ គម្រោង និងកម្មវិធីនានា បន្តគាំទ្រ និងរួមដំណើរក្នុងគោលបំណងថែរក្សានិងការពារសិទ្ធិស្ត្រីឱ្យកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕