តំបន់នានាទប់ទល់នឹងព្យុះ Molave

Chia sẻ

(VOVWORLD) -  នាព្រឹកព្រលឹមថ្ងៃទី ២៨ ខែតុលា ព្យុះ Molave បានចូលកៀកជិតឆ្នេរសមុទ្រ ពីខេត្ត Quang Nam ទៅដល់ខេត្ត Phu Yen ដែលបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ខ្យល់បោកបក់បំផ្លាញដើមឈើជាច្រើន។

តំបន់នានាទប់ទល់នឹងព្យុះ Molave - ảnh 1 នាវេលាម៉ោង ២៣ និង ០០ នាទីថ្ងៃទី ២៧ ខែតុលាឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បន្តធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការបង្ការនិងទប់ទល់នឹងព្យុះ Molave (ប្រភព៖ baochinhphu.vn)

ដើម្បីទប់ទល់នឹងព្យុះនេះ នាព្រឹកថ្ងៃទី ២៨ ខែតុលា ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានស្នើឲ្យប្រជាជន ត្រូវមានការនឹងនរចិត្ត ជម្លៀសចេញដោយកុំវិលត្រឡប់ទៅផ្ទះវិញដោយខ្លួនឯង នៅពេលព្យុះនោះមិនទាន់រលាយនៅឡើយ។  នៅតាមទីតាំងជម្លៀស មូលដ្ឋានត្រូវផ្តល់ស្បៀងអាហារនិងទឹកគ្រប់គ្រាន់សម្រាប់ប្រជាជន។ មុននោះ នាយប់ថ្ងៃទី ២៧ ខែតុលា ក្នុងសម័យប្រជុំលើកទី ៣ នៅគណៈកម្មាធិការដឹកនាំការទប់ទល់នឹងព្យុះ Molave នៅទីក្រុង Da Nang ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានក្រើនរំលឹកថា៖ “បន្តការធានាសុវត្ថិភាពនៅសមុទ្រ។ សម្រាប់នាវាដែលកំពុងដាច់ទំនាក់ទំនង ស្នើឲ្យក្រសួងគមនាគមន៍ដឹកជញ្ជូន ក្រសួងការពារប្រទេសនិងទីភ្នាក់ងារពាក់ព័ន្ធ តាមគ្រប់មធ្យោបាយដើម្បីទាក់ទងនិងមានផែនការដោះស្រាយឆ្លើយតបនិងជួយសង្គ្រោះផង។ បញ្ហាមួយទៀតគឺផ្តោតលើការត្រួតពិនិត្យតំបន់សម្រាប់ជម្លៀសទាំងអស់។ ពោលគឺ ផ្លាស់ប្រជាជនឱ្យឆ្ងាយពីផ្ទះទ្រុឌទ្រោម ទៅកាន់សំណង់ដែលមានសុវត្ថិភាពជាង ហើយយើងនៅតែត្រូវពិនិត្យមើលតំបន់ទាំងនោះឡើងវិញជាដាច់ខាត”

ទន្ទឹមនឹងនេះក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលវៀតណាម បានបញ្ឈប់ប្រតិបត្តិការអាកាសយានដ្ឋានទាំង ៥។ ទន្ទឹមជាមួយគ្នានោះ រដ្ឋាភិបាលបានសម្រេចនាំចេញអង្ករចំនួន ៦.៥០០ តោនបន្ថែមទៀតពីទុនបំរុងជាតិ ដើម្បីជួយឧបត្ថម្ភដល់ខេត្តដូចជា៖ Quang Binh, Quang Tri, Thua Thien – Hue និង Quang Nam ដើម្បីជួយសង្គ្រោះភាពអត់ឃ្លានដល់ប្រជាជននៅតំបន់ដែលរងគ្រោះដោយគ្រោះធម្មជាតិនិងទឹកជំនន់៕

ប្រតិកម្មទៅវិញ