រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son (រូបថត៖ TTXVN) |
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអំពីលទ្ធផល នៃដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសលោក ប៊ុយ ថាញ់ សឺន (Bui Thanh Son) បានអះអាងថា ដំណើរទស្សនកិច្ចនេះទទួលបានជោគជ័យលើគ្រប់វិស័យ និងកត់សញ្ញាសម្គាល់ថ្មីក្នុងការអនុវត្តគោលនយោបាយការបរទេស នៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ ព្រមទាំងអះអាងនូវការប្ដេជ្ញាចិត្តរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ក្នុងការពង្រឹងនិងពង្រីកជានិច្ចនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ ព្រមទាំងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែងរវាងវៀតណាម និងកម្ពុជា។
រដ្ឋមន្ត្រីការបរទេសលោកប៊ុយ ថាញ់ សឺន បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសឡាវ និងកម្ពុជា ប្រធានរដ្ឋលោក តូ ឡឹម មានកម្មវិធីយ៉ាងក្រាស់ក្រែល ដោយមានសកម្មភាពចំនួន ៣២ រួមមានកិច្ចពិភាក្សា កិច្ចប្រជុំ ទំនាក់ទំនង និងជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ទៅទស្សនាគ្រឹះស្ថានសេដ្ឋកិច្ច ជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងសហគមន៍ជនវៀតណាមនៅឯបរទេសនៃប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងឡាវ និងកម្ពុជា ដើម្បីអភិវឌ្ឍន៍បន្ថែមទៀតនូវទំនាក់ទំនងដ៏មហិមាររវាងវៀតណាម និងឡាវ និងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងកម្ពុជា ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសនីមួយៗ និងប្រទេសទាំងបី៕