ជួយសង្គ្រោះអ្នករស់រានមានជីវិតចំនួន ៣ នាក់បន្ថែមទៀត បន្ទាប់ពីរយៈពេល ២៩៦ ម៉ោងត្រូវជាប់គាំងដោយការរញ្ជួយដីនៅទួរគី និងស៊ីរី

Chia sẻ
(VOVWORLD) - គិតត្រឹមម៉ោង ១៦ និង ៣០ នាទី (ម៉ោងនៅវៀតណាម) ចំនួនមនុស្សស្លាប់សរុបក្នុងគ្រោះរញ្ជួយដីដ៏គួរឱ្យភ័យខ្លាចដែលបានកើតឡើងកាលពីថ្ងៃទី ៦ ខែកុម្ភៈ នៅប្រទេសទួរគី និងស៊ីរី បានកើនដល់ជាង ៤៥,០០០ នាក់ហើយ។ 
ជួយសង្គ្រោះអ្នករស់រានមានជីវិតចំនួន ៣ នាក់បន្ថែមទៀត បន្ទាប់ពីរយៈពេល ២៩៦ ម៉ោងត្រូវជាប់គាំងដោយការរញ្ជួយដីនៅទួរគី និងស៊ីរី - ảnh 1អាជ្ញាធរមូលដ្ឋានបានរុះរើអគារដែលហៀបនឹងដួលរលំ (រូបថត៖ Hai Linh/TTXVN)

ទីភ្នាក់ងារសារព័ត៌មាន Anadolu របស់ប្រទេសទួរគី បានរាយការណ៍កាលពីថ្ងៃទី ១៩ ខែកុម្ភៈថា នៅថ្ងៃទី ១៨ កុម្ភៈ ក្រុមអ្នកជួយសង្រ្គោះបានជួយសង្គ្រោះអ្នករស់រានមានជីវិតចំនួន ៣ នាក់ រួមទាំងកុមារម្នាក់ផងដែរ ពីគំនរបាក់បែកនៅអគារមួយក្នុងទីក្រុង Antakya ភាគខាងត្បូងប្រទេសទួរគី បន្ទាប់ពីរយៈពេល ២៩៦ ម៉ោង កើតមានឡើងការរញ្ជួយដីដ៏គួរឱ្យភ័យខ្លាច ពីថ្ងៃទី ៦ ខែកុម្ភៈ។

គិតត្រឹមម៉ោង ១៦ និង ៣០ នាទី (ម៉ោងនៅវៀតណាម) ចំនួនមនុស្សស្លាប់សរុបក្នុងគ្រោះរញ្ជួយដីដ៏គួរឱ្យភ័យខ្លាចដែលបានកើតឡើងកាលពីថ្ងៃទី ៦ ខែកុម្ភៈ នៅប្រទេសទួរគី និងស៊ីរី បានកើនដល់ជាង ៤៥,០០០ នាក់ហើយ។ ប្រទេសទួរគីបានរាយការណ៍ថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសខ្លួន មានចំនួន ៣៩,៦៧២ នាក់ ខណៈដែលតួលេខនៅក្នុងប្រទេសស៊ីរីជិតខាងមានច្រើនជាង ៥,៨០០នាក់ ។ ចំនួនមនុស្សស្លាប់នៅស៊ីរីក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមិនមានការប្រែប្រួលទេ។ យ៉ាងណាមិញ មជ្ឈដ្ឋានមន្ត្រីទួរគីជឿថា ចំនួនអ្នកស្លាប់អាចបន្តកើនឡើង ដោយសារតែផ្ទះល្វែងប្រមាណ ២៦៤.០០០ នៅក្នុងប្រទេសត្រូវបានបំផ្លាញ ហើយមនុស្សជាច្រើននៅតែបាត់ខ្លួន។ ក្រុមជួយសង្គ្រោះនៅតែកំពុងរត់ប្រណាំងយ៉ាងសកម្មជាមួយនឹងពេលវេលា ដើម្បីស្វែងរកជនរងគ្រោះដែលជាប់នៅក្រោមគំនរបាក់បែក។

អង្គការផ្តល់ជំនួយនិយាយថា អ្នកនៅរស់រានមានជីវិតនឹងនៅតែត្រូវការជំនួយក្នុងពេលអនាគតដ៏ខ្លីខាងមុខ ដោយសារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនត្រូវបានបំផ្លាញ។ នៅចំពោះមុខស្ថានភាពដូចលើកឡើងខាងលើ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវរកជំនួយចំនួន ៨៤,៥ លានដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការផ្នែកវេជ្ជសាស្ត្ររបស់ប្រជាជនក្នុងប្រទេសទួរគី និងស៊ីរី បន្ទាប់ពីគ្រោះរញ្ជួយដីដ៏រន្ធត់។ មួយថ្ងៃមុននេះ អង្គការសហប្រជាជាតិក៏បានអំពាវនាវរកជំនួយជាង ១ ពាន់លានដុល្លារសម្រាប់ប្រតិបត្តិការសង្គ្រោះនៅក្នុងប្រទេសទួរគី និងចំនួន ៤០០ លានដុល្លារសម្រាប់ប្រជាជនស៊ីរី។

នៅក្នុងការវិវឌ្ឍពាក់ព័ន្ធ មជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីអឺរ៉ុបមេឌីទែរ៉ាណេ (ហៅកាត់ថា EMSC) បានប្រកាសថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ គ្រោះរញ្ជួយដីកម្រិត ៥.២រ៉ិចទ័របានកើតឡើងនៅភាគកណ្តាលទួរគី។ យោងតាម EMSC ចំណុចកណ្តាលរញ្ជួយដីស្ថិតនៅជម្រៅ ១០គីឡូម៉ែត្រ។ បច្ចុប្បន្នមិនទាន់មានរបាយការណ៍ពីមនុស្សស្លាប់ ឬខូចខាតនៅឡើយទេ៕

ប្រតិកម្មទៅវិញ