យោងតាមព័ត៌មានពីប៉ុស្តិ៍ Cairo News របស់អេហ្ស៊ីប ក្រុមអ្នកចរចាបានឯកភាពជាសារវ័ន្តលើកិច្ចព្រមព្រៀងឈប់បាញ់ដែលអាចចូលជាធរមាន មុនពេលខែរ៉ាម៉ាដានរបស់អ្នកកាន់សាសនាឥស្លាម ចាប់ពីថ្ងៃទី ១០ ខែមីនា។ កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលផងដែរនូវការដោះដូរចំណាប់ខ្មាំងនិងឈ្លើយសឹកសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ុន្តែមិនទាន់បានដឹងពីចំនួនជាក់លាក់នោះទេ។ អាជ្ញាធរអ៊ីស្រាអែលមិនទាន់ធ្វើអត្ថាធិប្បាយជាផ្លូវការលើព័ត៌មានដែលថាបទឈប់បាញ់ជិតនឹងសម្រេចបាននៅតំបន់ហ្គាហ្សានោះដែរ។
អគារមួយត្រូវបានបំផ្លិចបំផ្លាញបន្ទាប់ពីការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៤។ រូបថតរូបភាព៖ THX/TTXVN |
នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធ នាថ្ងៃទី៤ ខែមីនា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានឲ្យដឹងថា សហរដ្ឋអាមេរិកសង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងក្នុងអំឡុងពេលបុណ្យរ៉ាម៉ាដាន។ យោងតាមលោក Kirby ក្រុមហាម៉ាស់មិនទាន់បានយល់ព្រមលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្នក្នុងរយៈពេល ៦ សប្តាហ៍ជាថ្នូរនឹងការដោះលែងអ្នកជំងឺ មនុស្សចាស់និងអ្នករងរបួសមួយចំនួនដែលក្រុមហាម៉ាស់បានចាប់ខ្លួនក្នុងការវាយប្រហារលើអ៊ីស្រាអែលកាលពីខែតុលាឆ្នាំមុន។ លោក Kirby ក៏បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបន្តទម្លាក់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា ហើយកំពុងស្វែងរកការបង្កើតច្រករបៀងជំនួយតាមផ្លូវសមុទ្រ ដើម្បីបង្កើនបរិមាណនៃការដឹកជញ្ជូនទំនិញផងដែរ៕