ជម្លោះ​អ៊ីស្រាអែល - ហាម៉ាស៖ កងទ័ពអ៊ីស្រាអែល ជំរុញ​យុទ្ធនាការវាយលុក

Chia sẻ
(VOVWORLD) - នៅថ្ងៃទី៣៧នៃការវាយប្រហារលើតំបន់ហ្គាហ្សា ដើម្បីកំទេចចោលក្រុមហាម៉ាស កាលពីថ្ងៃទី ១២ ខែវិច្ឆិកា កងទ័ពអ៊ីស្រាអែលបានបន្តបង្កើនការវាយប្រហារតាមជើងអាកាសនិងកាំភ្លើងធំ រួមជាមួយនឹងការវាយប្រហារលើគោកទ្រង់ទ្រាយធំ ទៅលើគោលដៅជាច្រើនទូទាំងតំបន់ហ្គាហ្សា។ 

កងកម្លាំងការពារអ៊ីស្រាអែល(IDF) បានឲ្យដឹងថា បានដណ្ដើមការគ្រប់គ្រងតំបន់ទីក្រុងមួយនៅជិតទីក្រុង Beit Hanoun។ IDF ក៏បានបញ្ជាក់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយនឹងខ្មាន់កាំភ្លើងនៅជិតមន្ទីរពេទ្យ Shifa ដែលជាមូលដ្ឋានសុខាភិបាលដ៏ធំបំផុតក្នុងតំបន់ហ្គាហ្សា និងជាកន្លែងជ្រកកោនរបស់ជនជាតិប៉ាឡេស្ទីនប្រហែល ២០.០០០ នាក់។

ជម្លោះ​អ៊ីស្រាអែល - ហាម៉ាស៖ កងទ័ពអ៊ីស្រាអែល ជំរុញ​យុទ្ធនាការវាយលុក - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមផ្លូបអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុងហ្គាហ្សា ។ រូបថត៖  Xinhua 

ទាក់ទងនឹងស្ថានភាពជនរងគ្រោះ ទីភ្នាក់ងារសុខាភិបាលប៉ាឡេស្ទីនប្រចាំតំបន់ហ្គាហ្សាបានឲ្យដឹងថា យុទ្ធនាការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលលើតំបន់ហ្គាហ្សា ចាប់ពីថ្ងៃទី៧ ខែតុលាមក បានបណ្តាលឲ្យមនុស្សជិត ១១.២០០នាក់ស្លាប់ ដែលភាគច្រើនជាជនស៊ីវិល ក្នុងនោះមានកុមារជាង ៤.៦០០នាក់។ លើសពីនេះ មានមនុស្សប្រហែល២.៥០០-៣.០០០នាក់ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានកប់នៅក្នុងគំនរបាក់បែកបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាស ហើយភាគច្រើនទំនងជាបានស្លាប់។

ទាក់ទងនឹងស្ថានភាពនៅតំបន់ព្រំដែនរវាងអ៊ីស្រាអែលនិងលីបង់ កងកម្លាំង Hezbollah នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃទី ១២ វិច្ឆិកា បានបាញ់ប្រហារ យ៉ាងខ្លាំងទៅលើទីតាំងរបស់អ៊ីស្រាអែលនៅតំបន់ព្រំដែន បណ្តាលឲ្យមនុស្ស ២១ នាក់រងរបួស។ IDF បានធ្វើការឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាសជាច្រើនលើក និងការបាញ់ផ្លោងទៅលើទីតាំងរបស់ក្រុម Hezbollah នៅក្នុងប្រទេសលីបង់ ប៉ុន្តែការខូចខាតមិនត្រូវបានគេដឹងនោះទេ៕

ប្រតិកម្មទៅវិញ