ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ IDF ​អះអាង​ថា ក្រុមហាម៉ាស​បាន​បាត់បង់​ការ​គ្រប់​គ្រង​លើ​តំបន់ហ្គា​ហ្សា

Chia sẻ
(VOVWORLD) - រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា បានបញ្ជាក់ថា ចលនាហាម៉ាសបានបាត់បង់ទាំងស្រុងនូវការគ្រប់គ្រងលើតំបន់ហ្គាហ្សា។ បច្ចុប្បន្ន សមាជិកក្រុមហាម៉ាសកំពុងភៀសខ្លួនទៅកាន់តំបន់ភាគខាងត្បូងនៃតំបន់ហ្គាហ្សា។ 

កងកម្លាំងការពារអ៊ីស្រាអែល (IDF) ក៏បានបញ្ជាក់ផងដែរថា ទីក្រុង Tel Aviv និងតំបន់ទីក្រុងមួយចំនួននៅក្នុងទឹកដីអ៊ីស្រាអែលរងការវាយប្រហារម្តងទៀត ក្រោយរយៈពេលជាច្រើនថ្ងៃ។

ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ IDF ​អះអាង​ថា ក្រុមហាម៉ាស​បាន​បាត់បង់​ការ​គ្រប់​គ្រង​លើ​តំបន់ហ្គា​ហ្សា - ảnh 1ទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិនៅជុំវិញពិភពលោកបានបង្ហូតទង់ជាតិពាក់កណ្តាលបង្គោលនៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធ បុគ្គលិករបស់អង្គការដែលបាត់បងជីវិតនៅតំបន់ហ្គាហ្សា។ រូបថត៖ AFP

ជាមួយគ្នានោះ នៅក្នុងសេចក្តីប្រកាសមួយ នាយប់ថ្ងៃទី ១៣ វិច្ឆិកា អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ចំនួនអ្នកស្លាប់និងរងរបួសសរុបនៅក្នុងយុទ្ធនាការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលលើតំបន់ហ្គាហ្សាចាប់ពីថ្ងៃទី ៧ ខែតុលាមក បានលើសពី ៤ ម៉ឺននាក់ ក្នុងនោះជាង ១១.២០០ នាក់បានស្លាប់ និង ២៩.០០០ នាក់រងរបួស។ គួរកត់សម្គាល់ថា អ្នកស្លាប់និងរងរបួសភាគច្រើនជាជនស៊ីវិល ក្នុងនោះកុមារនិងស្ត្រីមានចំនួន ៧០%។

ក្នុងការវិវឌ្ឍន៍មួយផ្សេងទៀត កងពលតូច Al-Qassam នៃចលនាហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សានាថ្ងៃទី ១៣ ខែវិច្ឆិកា បានជូនដំណឹងដល់អ្នកសម្រុះសម្រួលអំពីការត្រៀមខ្លួន ដោះលែងចំណាប់ខ្មាំង ៥០ នាក់រួមទាំងស្ត្រី និងកុមារដែលត្រូវបានចាប់ខ្លួននៅក្នុងតំបន់ហ្គាហ្សា ជាថ្នូរនឹងបទឈប់បាញ់រយៈពេលប្រាំថ្ងៃ។ បទឈប់បាញ់នេះនឹងធានាដល់ការបញ្ឈប់អរិភាព និងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ទៅដល់ប្រជាជននៃតំបន់ហ្គាហ្សា។

នាថ្ងៃដដែលនោះ ទីស្នាក់ការនៃការិយាល័យអង្គការសហប្រជាជាតិ (UN) ប្រចាំទ្វីបអាស៊ី ក្នុងទីក្រុងបាងកក (ថៃ) ទីក្រុងតូក្យូ (ជប៉ុន) និងទីក្រុងប៉េកាំង (ចិន) បានបង្ហូតទង់ពាក់កណ្តាលបង្គោល ហើយចំណាយពេលមួយនាទីដើម្បីស្មឹងស្មាធិ៍ រំលឹកវិញ្ញាណក្ខ័ន្ធ បុគ្គលិករបស់អង្គការដែលបាត់បងជីវិតនៅតំបន់ហ្គាហ្សា ក្នុងអំឡុងពេលជម្លោះហាម៉ាស-អ៊ីស្រាអែល។ ពិធីនេះត្រូវបានធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកការជួយសង្គ្រោះជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានឲ្យដឹងថា បុគ្គលិករបស់ខ្លួនជាង ១០០ នាក់ បានបាត់បងជីវិតនៅតំបន់ហ្គាហ្សា ដោយសារតែការផ្ទុះឡើងនៃជម្លោះ ហាម៉ាស - អ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅ៕

ប្រតិកម្មទៅវិញ