ជំនួប​​ប្រាស្រ័យ​​មិត្តភាពការ​ពារ​ជា​តិព្រំដែនវៀតណាម-ឡាវ-កម្ពុជា

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី១៤ ខែធ្នូ នៅតំបន់ព្រំដែនរួមនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា និងនៅទីក្រុង Kon Tum ខេត្ត Kon Tum បានប្រព្រឹត្តទៅជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជា ថ្នាក់រដ្ឋមន្ត្រីការពារជាតិ ជាលើកដំបូង។
ជំនួប​​ប្រាស្រ័យ​​មិត្តភាពការ​ពារ​ជា​តិព្រំដែនវៀតណាម-ឡាវ-កម្ពុជា - ảnh 1ពីឆ្វេងទៅស្តាំ៖ នាយឧត្តមសេនីយ៍ Chansamone Chanyalath នាយឧត្តមសេនីយ៍ Phan Van Giang និងនាយឧត្តមសេនីយ៍ ទៀ សីហា។ រូបថត៖ qdndn.vn

នៅតំបន់បង្គោលព្រំដែនរួមនៃប្រទេសទាំងបី រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី (រួមមានរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ Phan Van Giang ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ នាយឧត្តមសេនីយ៍ Chansamone Chanyalath និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា) បានរួមគ្នាធ្វើពិធីគោរពនិងលាបថ្នាំបង្គោលអធិបតេយ្យភាព; ធ្វើជាសក្សីនៃការចេញដំណើរយាមល្បាតរួមរបស់កងកម្លាំងការពារព្រំដែននៃប្រទេសទាំងបី; ដាំដើមឈើមិត្តភាព; អញ្ជើញទស្សនាការហាត់សមផ្នែកសុខាភិបាលរវាងកងទ័ពនៃប្រទេសទាំងបី។ ឧត្តមសេនីយ៍ត្រី Nguyen Truong Giang ប្រធាននាយកដ្ឋានពេទ្យយោធា អគ្គនាយកដ្ឋានភស្តុភារទូទៅ បានឲ្យដឹងថា៖ “ការហាត់សមនេះមានសារសំខាន់សម្រាប់ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការពេទ្យយោធាវាងប្រទេសទាំងបីក្នុងការគ្រប់គ្រង ប្រតិបត្តិ និងរៀបចំកងកម្លាំងដើម្បីជួយដល់ប្រជាជនប្រសិនបើមានករណីកើតឡើង។ ទីពីរគឺនៅក្នុងការរៀបចំ ការបណ្តុះបណ្តាល និងជាពិសេសការដាក់ពង្រាយការជួយសង្គ្រោះជនរងគ្រោះក្នុងគ្រោះមហន្តរាយ ក៏ដូចជាស្ថានភាពគ្រាអាសន្នដែលអាចនឹងកើតឡើងនាពេលអនាគត”។

មុននោះ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបីបានចូលរួមពិធីសម្ពោធអាគារវប្បធម៌មិត្តភាពវៀតណាម-ឡាវ-កម្ពុជា នៅភូមិ Ta Ka ឃុំ Po Y ស្រុក Ngoc Hoi ។ នេះជានិមិត្តរូបនៃសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ៕

ប្រតិកម្មទៅវិញ