នាបច្ចុប្បន្ននេះអាមេរិកជាប្រទេស ដែលមានចំនួនអ្នកឆ្លងនិងស្លាប់ច្រើនជាងគេបំផុតនៅលើពិភពលោកដោយមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៣២.៨២៤.០១៣ ករណី និងមានអ្នកស្លាប់ចំនួន ៥៨៦.១៤៨ នាក់។ នៅប្រទេសឥណ្ឌា កាលពីថ្ងៃទី ២៥ ខែមេសា ប្រទេសនេះបានកត់ត្រានូវចំនួនអ្នកឆ្លងថ្មីខ្ពស់ ដែលមិនធ្លាប់មានពីមុនមក ដោយមានអ្នកឆ្លងជាង ៣៥៤. ៥០០ ករណី ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក។ នេះគឺជាថ្ងៃទី៤ជាប់ៗគ្នាហើយ ដែលប្រទេសឥណ្ឌាបានកត់ត្រាកំណត់ត្រាដ៏គួរឲ្យសោកសៅដោយសារតែជំងឺកូវីដ- ១៩ ។ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានអំពាវនាវឱ្យពលរដ្ឋទាំងអស់ទទួលការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ព្រមទាំងគោរពយ៉ាងម៉ឹងម៉ាត់តាមវិធានការណ៍ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផងដែរ។
អាស៊ីអាគ្នេយ៍ក៏ប្រឈមមុខនឹងហានិភ័យនៃការផ្ទុះឡើងជំងឺរាតត្បាតយ៉ាងខ្លាំង នៅពេលដែលចំនួនករណីឆ្លងជំងឺកូវីដ-១៩ កំពុងតែកើនឡើងដែរ។ នៅរសៀលថ្ងៃទី ២៥ ខែមេសា ឡាវបានបញ្ជាក់ថាមានករណីឆ្លងវីរុស SARS-COV-2 ចំនួន ៧៦ ករណីបន្ថែមទៀត ដែលក្នុងនោះមាន ៦៤ ករណីឆ្លងនៅក្នុងរដ្ឋធានីវៀងច័ន្ទន៍។ រីឯប្រទេសកម្ពុជាវិញ នៅរសៀលថ្ងៃទី ២៥ ខែមេសា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីគិតតាមថ្ងៃកើនឡើងដល់តួរលេខ ៣ ខ្ទង់ ពោលគឺមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៦១៦ ករណី៕