ចិនអំពាវនាវ​ឱ្យអូស្ត្រាលីពិចារណាឡើងវិញលើ​ការហាមឃាត់ TikTok

Chia sẻ
(VOVWORLD) - ក្រសួងពាណិជ្ជកម្មចិននៅថ្ងៃទី៧ ខែមេសា បានចេញសេចក្តីថ្លែងការណ៍មួយដោយអំពាវនាវឱ្យប្រទេសអូស្ត្រាលីប្រព្រឹត្តប្រកបដោយយុត្តិធម៌ ចំពោះអាជីវកម្មទាំងអស់ រួមទាំង TikTok ផងដែរ។ 
ចិនអំពាវនាវ​ឱ្យអូស្ត្រាលីពិចារណាឡើងវិញលើ​ការហាមឃាត់ TikTok - ảnh 1រូបសញ្ញា TikTok នៅអគារមួយក្នុងទីក្រុង Culver រដ្ឋ California សហរដ្ឋអាមេរិក។ (រូបថត៖ AFP/TTXVN)

សេចក្តីប្រកាសបានលើកច្បាស់ថា ការហាមប្រាមការដំឡើងកម្មវិធី TikTok នៅលើឧបករណ៍របស់រដ្ឋាភិបាលសហព័ន្ធអូស្ត្រាលីទាំងអស់ បានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ធុរកិច្ច និងប្រជាជនអូស្ត្រាលី។ យោងតាមក្រសួងនេះ អូស្ត្រាលីបានប្រព្រឹត្តចំពោះ TikTok ខុសពីបណ្តាញសង្គមផ្សេងទៀត ហើយបានអនុវត្តវិធានការរឹតបន្តឹងមានភាពរើសអើង ដែលមិនផ្អែកលើសន្តិសុខជាតិរបស់ប្រទេសនេះឡើយ។ ប្រទេសចិនក៏បានអំពាវនាវឱ្យអូស្ត្រាលីបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

មុននោះ រដ្ឋាភិបាលអូស្ត្រាលីកាលពីថ្ងៃទី ៤ ខែមេសា បានប្រកាសហាមប្រាមកម្មវិធី TikTok នៅលើឧបករណ៍របស់រដ្ឋាភិបាលទាំងអស់ ដោយសារការព្រួយបារម្ភពីការលេចធ្លាយទិន្នន័យអ្នកប្រើប្រាស់ និងហានិភ័យចំពោះសន្តិសុខជាតិ។ ជាមួយនឹងការសម្រេចចិត្តនេះ អូស្ត្រាលីក្លាយជាសមាជិកចុងក្រោយនៃសម្ព័ន្ធភាពសន្តិសុខព័ត៌មានសម្ងាត់ Five Eyes (អូស្ត្រាលី កាណាដា អាមេរិក អង់គ្លេស និងនូវែលសេឡង់) អនុវត្តការហាមឃាត់ TikTok នៅលើឧបករណ៍ផ្លូវការ។ មុននោះ ប្រទេសបារាំង ហូឡង់ និងគណៈកម្មការអឺរ៉ុប ក៏បានធ្វើការសម្រេចចិត្តស្រដៀងគ្នានេះដែរ៕

ប្រតិកម្មទៅវិញ