នាយកប្រតិបត្តិ TikTok (CEO) ប្រចាំនៅអាមេរិក លោក Shou Zi Chew។ (រូបថត៖ AP) |
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី២៤ មីនា អំពីសវនាការរបស់ នាយកប្រតិបត្តិ TikTok (CEO) ប្រចាំនៅអាមេរិក លោក Shou Zi Chew នៅចំពោះមុខ រដ្ឋសភាអាមេរិក អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានបញ្ជាក់ ថា ប្រទេសចិនគោរពយ៉ាងខ្លាំង ហើយការពារឯកជនភាព និងសុវត្ថិភាពទិន្នន័យ ដោយអនុលោមតាមច្បាប់ “មិនដែលតម្រូវឱ្យក្រុមហ៊ុន ឬបុគ្គលនានា ត្រូវប្រមូលឬ ផ្តល់ទិន្នន័យ និងព័ត៌មានចារកម្មនៅក្រៅប្រទេសដល់រដ្ឋាភិបាលចិន តាមរបៀបដែល រំលោភបំពានលើច្បាប់មូលដ្ឋាននោះឡើយ”។
លោកស្រី Mao Ning ក៏បានរិះគន់សហរដ្ឋអាមេរិកដែថា រហូតមកដល់ពេលនេះ គេមិនអាចផ្តល់ភស្តុតាងណាមួយដែលបង្ហាញថា TikTok បង្កការគំរាមកំហែងដល់ សន្តិសុខជាតិរបស់សហរដ្ឋ អាមេរិកនោះឡើយ ប៉ុន្តែបានធ្វើការសន្មត់ជាបន្តបន្ទាប់ថា មានទោស ហើយបង្ខិតបង្ខំដោយមិនសមហេតុផលទៅលើសហគ្រាសនេះ។ ទីក្រុងប៉េកាំងដាស់ តឿនឲ្យសហរដ្ឋអាមេរិកគោរពគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងការប្រកួតប្រជែងដោយយុត្តិធម៌ គ្មានការរើសអើងសម្រាប់សហគ្រាសបរទេសមកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅសហរដ្ឋអាមេរិក៕