ក្រាហ្វនៃចំនួនករណីឆ្លងកូវីដ ១៩ នៅវៀតណាម គិតត្រឹមយប់ថ្ងៃទី ១៧ ខែតុលា (រូបថត៖ suckhoedoisong) |
យោងតាមព្រឹត្តិបត្រនៃជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលនៅថ្ងៃទី ១៧ ខែតុលាបានឲ្យដឹងថា គិតត្រឹមម៉ោង ១៧ ថ្ងៃទី ១៦ ខែតុលា ដល់ម៉ោង ១៧ ថ្ងៃទី ១៧ ខែតុលា វៀតណាមកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៣.១៩៣ ករណី ក្នុងនោះ ១៨ ករណីត្រូវបាននាំចូលនិង ៣.១៧៥ ករណីត្រូវបានកត់ត្រាឆ្លងនៅក្នុងប្រទេស (ធ្លាក់ចុះ ៣៦ ករណី បើប្រៀបធៀបទៅនឹងថ្ងៃមុននោះ) នៅតាមខេត្ត ក្រុងចំនួន ៤៨។ នៅថ្ងៃនេះ អ្នកជំងឺចំនួន ១.៣៤០ នាក់ត្រូវបានប្រកាសជាសះស្បើយដែលធ្វើឱ្យចំនួនករណីជាសះស្បើយសរុបចាប់តាំងពីការចាប់ផ្តើមនៃការរីករាលដាលដល់ពេលនេះគឺ ៧៩១.៨៤៤ ករណី។ នៅថ្ងៃនេះផងដែរ អ្នកជំងឺកូវីដ ១៩ ចំនួន ៦៣ នាក់បានស្លាប់។ រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅវៀតណាមមានចំនួន ២១.១៩៤ នាក់ ស្មើនឹង ២,៤% នៃចំនួនអ្នកឆ្លងសរុប។
នៅថ្ងៃដដែលនេះ ខេត្ត Phu Tho បានអនុវត្តន៍វិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតជាច្រើន បន្ទាប់ពីបានរកឃើញករណីឆ្លងនៅក្នុងសហគមន៍ជាបន្តបន្ទាប់។ នៅក្នុងកិច្ចប្រជុំតាមអ៊ិនធឺរណែតជាមួយស្រុក Lam Thao និងទីក្រុង Viet Tri លេខាគណៈកម្មាធិការបក្សខេត្ត Phu Tho លោក Bui Minh Chau បានស្នើឱ្យទីក្រុង Viet Tri ដំណើរការឡើងវិញនូវទីតាំងធ្វើចត្តាឡីស័ក ដែលមានកម្លាំង ១៥០ គ្រែ និងលើកកម្ពស់តួនាទីរបស់ក្រុមត្រួតពិនិត្យកូវីដ ១៩ ក្នុងសហគមន៍។ ជាមួយគ្នានេះ ពន្លឿនការសាងសង់ទីតាំងធ្វើចត្តាឡីស័កប្រមូលផ្តុំរបស់ខេត្តនៅឃុំ Tien Kien ស្រុក Lam Thao។
យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្ត Phu Tho ចាប់ពីថ្ងៃទី ១៣ ខែតុលាដល់ម៉ោង ៩ ព្រឹកថ្ងៃទី ១៧ ខែតុលា ខេត្តបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៥៣ ករណី ក្នុងនោះ ៤៥ នាក់ជាសិស្សមកពីវិទ្យាល័យ Chu Hoa (ទីក្រុង Viet Tri)។ ខេត្តបានអនុវត្តន៍ការបិទខ្ទប់ដោយធ្វើតេស្តលើប្រជាជនជាង ១០.៦០០ នាក់ នៅទីក្រុង Hung Son (ស្រុក Lam Thao) និងប្រជាជន ៧.០០០ នាក់នៅឃុំ Chu Hoa (ទីក្រុង Viet Tri)៕