ចិន និងបូលីវី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៨ ខែមេសា រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសបូលីវី លោកស្រី Celinda Sosa Lunda នៅទីក្រុងប៉េកាំង ហើយភាគីទាំងពីរបានសន្យាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងការសម្របសម្រួលពហុភាគី។

ថ្លែងមតិនៅក្នុងកិច្ចសន្ទនា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានសង្កត់ធ្ងន់ថា ប្រទេសចិន និងបូលីវីត្រូវបន្តពង្រឹងទំនុកចិត្តនយោបាយគ្នាទៅវិញទៅមក បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ស្ថាប័ន្ធនីតិបញ្ញាត្តិ និងគណបក្សនយោបាយនៃប្រទេសទាំងពីរ។ ទាញយកសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជា សេដ្ឋកិច្ចឌីជីថល កសិកម្មតំបន់ខ្ពង់រាប ព័ត៌មាននិងផ្សព្វផ្សាយ និងការអភិវឌ្ឍន៍បៃតង។ លោក Wang Yi បានចាត់ទុកថា ប្រទេសចិន និងបូលីវី ចាំបាច់ត្រូវពង្រឹងការសម្របសម្រួលក្នុងយុទ្ធសាស្ត្រពហុភាគី រួមគ្នាការពារគោលដៅនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងការពារយ៉ាងម៉ឺងម៉ាត់នូវផលប្រយោជន៍រួមរបស់អឌ្ឍគោលខាងត្បូង។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសបូលីវី លោកស្រី Celinda Sosa Lunda បានឲ្យដឹងថា ប្រទេសចិនគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់បូលីវី ហើយបានឲ្យដឹងថា បូលីវីសង្ឃឹមថានឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិនក្នុងវិស័យជាច្រើនដូចជាសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោក Celinda Sosa Lunda បានសង្កត់ធ្ងន់ថា ប្រទេសបូលីវីត្រៀមខ្លួនជាស្រេចក្នុងការចូលរួមជំរុញទំនាក់ទំនងអាមេរិកឡាទីន-ចិន។

បន្ទាប់ពីកិច្ចពិភាក្សា រដ្ឋមន្ត្រីការបរទេសទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទូតនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ