កុមារយំនៅមុខគំនរបាក់បែក បន្ទាប់ពីការរញ្ជួយដីកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្នុងខេត្ត Herat នៅភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន។ រូបថត៖ Reuters |
អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះមហន្តរាយអាហ្វហ្គានីស្ថាន លោក Janan Sayeeq បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ទំនងជាកើនឡើង ខណៈដែលកងកម្លាំងជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួននៅក្នុងគំនរបាក់បែក។ យោងតាមលោក Janan Sayeeq បច្ចុប្បន្ននេះ មានក្រុមជួយសង្គ្រោះចំនួន ១០ កំពុងធ្វើការស្វែងរកនិងជួយសង្គ្រោះ។
អាហ្វហ្គានីស្ថានតែងតែត្រូវរងគ្រោះរញ្ជួយដី ជាពិសេសនៅតំបន់ជួរភ្នំ Hindu Kush (ដែលស្ថិតនៅចន្លោះព្រំដែនរវាងអាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន) ដែលនៅជិតចំនុចប្រសព្វនៃបន្ទះ Tectonic អាស៊ី- អឺរ៉ុប និងឥណ្ឌា។ កាលពីខែមិថុនាឆ្នាំ២០២២ ការរញ្ជួយដីកម្រិត ៥,៩ រិចទ័របានអង្រួនខេត្ត Paktika ដោយបានសម្លាប់មនុស្សជាង ១.០០០នាក់ និងមនុស្សរាប់ម៉ឺននាក់បាត់បងផ្ទះសម្បែង៕