សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។ (រូបភាព៖ ក្រសួងព័ត៌មានកម្ពុជា) |
មហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា (CPP) ដែលជាគណ បក្សកាន់អំណាចនៅកម្ពុជា បានបើកនាព្រឹកថ្ងៃទី ២៨ មករា នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយក រដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា និងប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។
បើតាមលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មហាសន្និបាត នឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ (២៨-២៩ មករា)។ នៅថ្ងៃដំបូង មហាសន្និបាត ពិភាក្សាលើរបាយការណ៍អំពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ក្នុងដំណាក់កាលពីឆ្នាំ២០១៨-២០២៣ និងទិសដៅភារកិច្ចក្នុងឆ្នាំ ២០២៣។ ក្នុងថ្ងៃទីពីរ មហាសន្និបាតនឹងអនុម័តលើរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សក្នុងដំណាក់កាលឆ្នាំ២០១៨-២០២៣ និងទិសដៅភារកិច្ចឆ្នាំ ២០២៣; អនុម័តលើសេចក្តីព្រាងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់បុព្វហេតុកសាង និងការពារមាតុភូមិក្នុងដំណាក់កាល ២០២៣-២០២៨។
គួរជម្រាបបន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សធំជាងគេនៅកម្ពុជា ហើយបានកាន់អំណាចរយៈពេល ៦ អាណត្តិ។ នៅក្នុងការបោះឆ្នោត ឃុំ/ សង្កាត់លើកទី៥ នៅឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈសមាជិក ក្រុមប្រឹក្សាឃុំ/សង្កាត់ចំនួន ៩.៣៧៦ អាសនៈ (៨០,៦%)។ ក្នុងចំណោមអាសនៈ ប្រធានឃុំ-សង្កាត់ចំនួន ១.៦៥២ អាសនៈនៅទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន ១.៦៤៨ (ស្មើនឹង ៩៩,៧៥%)៕