គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣ បើកសន្និបាតស្តីពីការងារបុគ្គលិក

Chia sẻ

(VOVWORLD) - នាថ្ងៃទី ៣ សីហា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលើកទី ១៣ បានបើកសន្និបាតស្ដីពីការងារបុគ្គលិក។

នាពេលព្រឹក គណៈកម្មាធិការមជ្ឈិមបក្សបានប្រជុំតែងតាំងនិងបោះឆ្នោតជ្រើសតាំងអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣។

ដោយផ្អែកលើបទប្បញ្ញត្តិរបស់បក្ស ដោយឈរលើមូលដ្ឋាននៃការតែងតាំងរបស់ការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបានពិភាក្សាប្រកបដោយប្រជាធិបតេយ្យ ហើយឈានដល់ការឯកភាពខ្ពស់ដោយសំឡេងគាំទ្រដាច់ខាត ១០០% លើការបោះឆ្នោតជ្រើសតាំង លោក តូ ឡឹម សមាជិកការិយាល័យនយោបាយនិងជាប្រធានរដ្ឋ ឲ្យកាន់តំណែងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣។ លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញថ្លែងសន្ទរកថា ដោយបញ្ជាក់ពីការទទួលមរតក និងពង្រីកស្នាដៃបដិវត្តន៍ ដែលអតីតអគ្គលេខាបក្ស លោក ង្វៀន ភូ ជុង និងថ្នាក់ដឹកនាំជំនាន់មុនបានកសាងឡើង; រក្សាសាមគ្គីភាព ឯកភាព ហើយរួមជាមួយគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខា ប្តេជ្ញាដឹកនាំបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល អនុវត្តន៍ឱ្យបានជោគជ័យនូវគោលដៅ និងភារកិច្ចនានាដែលមហាសន្និបាតបក្សលើកទី១៣ បានដាក់ចេញ រៀបចំមហាសន្និបាតលើកទី១៤ ប្រកបដោយជោគជ័យ នាំប្រទេសជាតិអភិវឌ្ឍន៍យ៉ាងរឹងមាំក្នុងសម័យកាលថ្មី ។

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣ បើកសន្និបាតស្តីពីការងារបុគ្គលិក - ảnh 1គណៈកម្មាធិការមជ្ឈិមបក្សបានបោះឆ្នោតអនុម័តលើសេចក្ដីសម្រេចចិត្តនៃសន្និបាត នៅរសៀលថ្ងៃទី៣ សីហា។ (រូបថត៖ VOV)

ក្នុងសម័យប្រជុំនាពេលរសៀល គណៈកម្មាធិការមជ្ឈិមបក្សបានពិចារណាលើសំណើសុំលាលែងពីតំណែងរបស់ថ្នាក់ដឹកនាំមួយចំនួននៃស្ថាប័នមជ្ឈិម និងមូលដ្ឋាន។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម តាងនាមការិយាល័យនយោបាយ បានដឹកនាំសម័យប្រជុំ។

តាមនោះ គណៈកម្មាធិការមជ្ឈិមបក្សបានឯកភាពយល់ស្របឲ្យឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai លាលែងពីដំណែង៖ លេខាគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣; យល់ស្របឱ្យរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Dang Quoc Khanh លេខាគណៈកម្មាធិការបក្សខេត្ត Quang Ninh លោក Nguyen Xuan Ky និងលេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang លោក Chau Van Lam លាលែងពីតំណែងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣៕

ប្រតិកម្មទៅវិញ