ទិដ្ឋភាពនៃថ្នាក់រៀនភាសា Thai បុរាណនៅទីស្នាក់ការគណៈកម្មាធិការប្រជាជនឃុំ Noong Luong ខេត្ត Dien Bien (VOV) |
- យើងជាជនជាតិ Thai ប៉ុន្តែមិនបានដឹង មិនយល់អត្ថន័យនៃភាសា Thai ក៏ដូចជាអត្តសញ្ញាណជាតិនោះ។ ហេតុដូច្នេះ ទើបខ្ញុំបានចុះឈ្មោះចូលរៀន។
- ខ្ញុំជាជនជាតិ Thai ហើយខ្ញុំចង់យល់ដឹងកាន់តែច្បាស់ពីវប្បធម៌ប្រពៃណីរបស់ជន ជាតិខ្លួន ហេតុដូច្នេះ ខ្ញុំបានចុះឈ្មោះដោយស្ម័គ្រចិត្ត ដើម្បីអាចស្វែងយល់ពីលក្ខណៈពិសេសដោយឡែករបស់ជនជាតិ Thai ផងដែរ។
- ការរៀនអក្សរ Thai បុរាណគឺពិបាកណាស់ ព្រោះតួរអក្សររបស់វាពិសេសណាស់។ ប៉ុន្តែដើម្បីរៀនបាន គ្រប់គ្នាត្រូវតែព្យាយាម។ បើយើងរៀនបាន យើងនឹងយល់ពីវប្បធម៌ប្រពៃណីរបស់ប្រជាជនយើង។
ដោយគោលបំណង ចង់ស្វែងយល់និងថែរក្សានូវវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Thai ជាពិសេសសម្រាប់អក្សរសរសេរ ក្នុងរយៈពេល ៣ ខែកន្លងមក ជារៀងរាល់យប់ នៅទីស្នាក់ការគណៈកម្មាធិការប្រជាជនឃុំ Noong Luong (ស្រុក Dien Bien ខេត្ត Dien Bien) សិស្ស ៣០ នាក់ នៃថ្នាក់រៀនអក្សរ Thai បុរាណ តែងតែព្យាយាមសិក្សាអក្សរនិងហាត់អានពាក្យនីមួយៗ។
សិស្សវ័យក្មេងជាងគេមានអាយុ ១៥ ឆ្នាំ និងសិស្សវ័យចំណាស់ជាងគេមានអាយុ ៧៣ ឆ្នាំ មកពីភូមិទាំងអស់ក្នុងឃុំ សូម្បីតែ អ្នកគ្រប់គ្រងក៏បានចូលសិក្សាក្នុងថ្នាក់រៀននេះផងដែរ។ ហេតុផលសាមញ្ញរបស់ពួកគេគឺថា ជនជាតិ Thai ត្រូវតែចេះភាសា Thai ដើម្បីស្វែងយល់បន្ថែមអំពីវប្បធម៌ជនជាតិខ្លួន និងមានមនសិការក្នុងការការពារនិងមរតកដល់មនុស្សជំនាន់ក្រោយ។
លោក Lo Van Vuong (អាយុ ៧៣ ឆ្នាំ) នៅភូមិ Thanh Chinh ឃុំ Noong Luong បានអោយដឹងថា ទោះបីជាខ្លួនលោក ភ្នែកមើលស្រវាំង ហើយត្រចៀកលែងលឺទៀតក៏ដោយ ប៉ុន្តែ អាចរៀនភាសាកំណើតរបស់ជនជាតិខ្លួន គឺជាមោទនៈដ៏អស្ចារ្យណាស់។
“ខ្ញុំក៏បានស្គាល់ពីអក្សរ Thai បច្ចុប្បន្ន ប៉ុន្តែអក្សរ Thai បុរាណនេះ គឺមិនអាចអានបានទេ។ ឥឡូវនេះ ខ្ញុំទៅរៀន ខ្ញុំបានយល់ខ្លះពីអត្ថន័យនិងរបៀបសរសេរពាក្យ។ ពោលគឺ ខ្ញុំចេះអាននិងសរសេរអក្សរ Thai បុរាណរួចជាស្រេច ហើយខ្ញុំក៏អាចបង្រៀនកូន ចៅ បានហើយ”។ នេះបើយោងតាមការសំណេះសំណាលរបស់លោក Lo Van Vuong។
ក្រោយរយៈពេលសិក្សាជាង១ខែមក កញ្ញា Luong Thi Phuong ចេះអាននិងសរសេរអក្សរ Thai បុរាណ |
ជាសមាជិកក្មេងជាងគេក្នុងថ្នាក់រៀនអក្សរ Thai បុរាណ ប្អូន Luong Thi Phuong Linh សិស្សថ្នាក់ទី ១០ នៃវិទ្យាល័យ Dien Bien បានចែករំលែកថា ដោយសារតែនាងជាជនជាតិ Thai បានជា នាងចង់រៀនបន្ថែមទៀតអំពីវប្បធម៌ របៀបសរសេរអក្សររបស់ជនជាតិខ្លួន។ បន្ទាប់ពីសិក្សាបានជិត ១ ខែមក ឥឡូវនេះ ប្អូនក៏បានស្គាល់ពីរបៀបអាននិងសរសេរអក្សរ Thai បុរាណហើយ៖ “ឥឡូវនេះ នាងខ្ញុំចេះអានហើយ។ ខ្ញុំពិតជាចូលចិត្តអក្សរ Thai បុរាណណាស់ ព្រោះវាគួរឱ្យចាប់អារម្មណ៍ ដោយសារ ពាក្យមួយអាចមានអត្ថន័យច្រើន ឬវិធីផ្សំពាក្យក៏វិសេសដែរ។ ប្រសិនបើ យើងនិយាយស្តីធម្មតាជាមួយជនជាតិ Thai គឺងាយស្រួលណាស់ ប៉ុន្តែប្រសិនបើនិយាយចំតួរអក្សរសរសេរគឺពិបាក ព្រោះវាមានសូរស័ព្ទច្រើន។ ម្យ៉ាងវិញទៀត របៀបនៃការសរសេរគឺខុសគ្នាឆ្ងាយពីអក្សរសកល ហេតុដូច្នេះ យើងត្រូវរៀនទើបយល់បាន”។
លោកស្រី Chu Thuy Lien អនុប្រធានគណៈកម្មាធិការជនជាតិខេត្ត Dien Bien បានមានប្រសាសន៍ថា៖ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្តមានកម្មវិធីនិងផែនការជាច្រើនស្តីពីការថែរក្សានិងអភិរក្សវប្បធម៌ជនជាតិ ក្នុងនោះមានការរក្សាវប្បធម៌ជនជាតិ Thai ជាពិសេស គឺភាសានិយាយនិងអក្សរផងដែរ។ ការបើកថ្នាក់រៀនភាសា Thai បុរាណ ដោយគោលបំណងអភិរក្ស ការពារនិងលើកកម្ពស់ភាសានិយាយនិងអក្សរសរសេររបស់ជនជាតិ Thai តែម្តង។ បន្ទាប់ពីបញ្ចប់ការសិក្សា សិស្សនឹងទទួលបានវិញ្ញាបនបត្ររបស់សមាគមសិល្បៈប្រជាប្រិយវៀតណាម។ លោកស្រី Chu Thuy Lien បានអោយដឹងថែមទៀតថា៖ “ទិសដៅរបស់យើងខ្ញុំគឺបន្តរក្សា អភិរក្សនិងបង្រៀនអក្សរ Thai បុរាណ មិនត្រឹមតែ សម្រាប់កម្មាភិបាលជាជនជាតិ Thai ប៉ុណ្ណោះទេ ថែមទាំងយុវជនជាជនជាតិ Thai ផងដែរ ដើម្បីពួកគេអាចច្រៀងនិងសរសេរភាសាជនជាតិខ្លួនឯងបាន។ លើសពីនេះទៅទៀត ពួកគេក៏អាចមានទំនាក់ទំនងជាមួយសហគមន៍ជនជាតិ Thai នៅអាស៊ីអាគ្នេយ៍ក៏ដូចជានៅលើពិភពលោកទៀតផង”។
មន្ទីរជនជាតិភាគតិចខេត្ត Dien Bien បានអោយដឹងថា នាពេលខាងមុខនេះ យ៉ាងហោចណាស់ ក្នុងមួយឆ្នាំ អាចបើកបានថ្នាក់រៀនមួយ ដើម្បីបង្រៀនតួអក្សរ Thai បុរាណដល់ប្រជាជន។ នេះជាវិធីល្អបំផុត ដើម្បីអភិរក្សនិងស្វែងយល់ពីវប្បធម៌សហគមន៍ជនជាតិ Thai ជាពិសេស រួមចំណែកផ្សព្វផ្សាយរូបភាពជនជាតិភាគតិច Thai ទៅកាន់ពិភពលោកអោយបានកាន់តែច្រើនថែមទៀត៕