ក្នុងជំនួបនេះ លោក Andrew Oldland ប្រធានក្រុមការងារ TheCityUK ទទួលបន្ទុកមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ បានផ្តល់អនុសាសន៍ថា ទីក្រុង Da Nang ត្រូវផ្តោតលើការទាក់ទាញ និងសម្របសម្រួលជាមួយវិនិយោគិនយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដែលអាចតភ្ជាប់បានយ៉ាងល្អជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់ ទីក្រុងហូជីមិញ នាពេលខាងមុខ។ ទីក្រុង Da Nang ត្រូវយកចិត្តទុកដាក់រៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធនិងទំនើបកម្មទីក្រុង ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។
ថ្នាក់ដឹកនាំទីក្រុង Da Nang ធ្វើការជាមួយគណៈប្រតិភូនៃអង្គការ TheCityUK ចក្រភពអង់គ្លេស។ រូបថត៖ VOV |
រីឯខ្លួនវិញ លោក Ho Ky Minh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានស្នើឱ្យ TheCityUK ជួយគាំទ្រនិងតភ្ជាប់ទីក្រុងជាមួយបណ្តាសាជីវកម្ម និងវិនិយោគិនយុទ្ធសាស្ត្រ ដើម្បីវិនិយោគសាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុង Da Nang៖ “ដើម្បីអាចជ្រើសរើសគំរូមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិសមស្រប និងដំណើរការប្រកបដោយប្រសិទ្ធភាព យើងត្រូវសិក្សាស្រាវជ្រាវ និងមើលឃើញពីជ្រុងផ្សេងៗគ្នាជាច្រើន។ ខ្ញុំសង្ឃឹមថា នាពេលខាងមុខ TheCityUK នឹងសម្របសម្រួលជាមួយទីក្រុង Da Nang ក្រៅពីប្រភពមូលនិធិពីក្រសួងការបរទេសអង់គ្លេស យើងនឹងបន្តស្វែងរកប្រភពមូលនិធិផ្សេងទៀតទាំងអន្តរជាតិ និងវៀតណាម ដើម្បីមានរបាយការណ៍ស្រាវជ្រាវដោយឯករាជ្យ ស្តីពីគំរូមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិសម្រាប់វៀតណាម ក៏ដូចជាទីក្រុង Da Nang ផងដែរ“។
បច្ចុប្បន្ននេះ ក្រសួងផែនការនិងវិនិយោគកំពុងប្រមូលមតិយោបល់ពាក់ព័ន្ធនឹងសំណុំឯកសារស្នើឲ្យកសាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីការសាកល្បងគំរូរដ្ឋបាលទីក្រុង និងយន្តការគោលនយោបាយអភិវឌ្ឍន៍ជាក់លាក់មួយចំនួនរបស់ទីក្រុង Da Nang។ តាមការគ្រោងទុក សេចក្តីព្រាងបានស្នើឱ្យសាកល្បងបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុង Da Nang ដែលដំណើរការតាមគំរូនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅបរទេស៕