ទិដ្ឋភាពនៃសន្និសីទ។ (រូបថត៖ VOV) |
ការនាំចេញជលផលជាច្រើនមុខរបស់វៀតណាមបានបង្ហាញឲ្យឃើញសញ្ញានៃការងើបឡើងវិញបន្ទាប់ពីរយៈពេលអាប់អួរ។ នេះគឺជាការវាយតម្លៃនៅក្នុងសន្និសីទ សង្ខេបពន្លឿនពាណិជ្ជកម្មជាមួយប្រព័ន្ធទីភ្នាក់ងារពាណិជ្ជកម្មប្រចាំនៅឯបរទេសប្រចាំខែតុលាឆ្នាំ២០២៣ ដោយប្រធានបទ “រួមដំណើរជាមួយផ្នែកជលផលដើម្បីជំរុញការ នាំចេញ”។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជ កម្មវៀតណាម នារសៀលថ្ងៃទី ៣១ តុលា នៅទីក្រុងហាណូយ។
យោងតាមអ្នកជំនាញ ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ សហគ្រាសត្រូវផ្តោតទៅ លើការស្រាវជ្រាវអភិវឌ្ឍន៍ ការវិនិយោគលើបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនប្រសិទ្ធភាព ផលិតកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែង ពីនោះបង្កើនតម្លៃនាំចេញ ហើយកាត់ បន្ថយសម្ពាធលើតម្លៃលក់។ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចូល-នាំចេញ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានចាត់ទុកថា ការដក “កាតលឿង” IUU គឺជាកិច្ចការដ៏សំខាន់បំផុត មិនត្រឹមតែសម្រាប់នាំចេញទៅកាន់សហភាព អឺរ៉ុប (EU) ប៉ុណ្ណោះទេ ថែមទាំងជួយផ្នែកជលផលមានការអភិវឌ្ឍប្រកបដោយចីរភាពទៀតផង។
“បច្ចុប្បន្ននេះ ទីផ្សារទាំងអស់មានតម្រូវការខ្ពស់ណាស់ទាក់ទងនឹងសុវត្ថិភាព ចំណីអាហារ គុណភាពផលិតផល ហើយជាពិសេសការតាមដានប្រភពដើម។ ការ ដាក់ "កាតលឿង" របស់សហភាពអឺរ៉ុបគឺជាការព្រមានមួយ។ ក្រៅពីសហភាពអឺរ៉ុប ទីផ្សារផ្សេងទៀតអាចអនុវត្តន៍វិធានការប្រហាក់ប្រហែលគ្នាដែរ។ ដូច្នេះហើយ យើង ត្រូវជម្នះពុះពារលើកំហិត ដើម្បីដក "កាតលឿង" បាន។ នេះក៏ជាទិសដៅចីរភាពមួយដែលធានាបាននូវកំណើនល្អសម្រាប់ការនាំចេញជលផលនាពេលខាងមុខផងដែរ”។
ក្នុងសន្និសីទ លោក Tran Ngoc Quan ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅ បែលហ្សិក និង EU បានឲ្យដឹងថា ក្នុងខែតុលាកន្លងទៅ ក្រុមអធិការកិច្ចនៃគណៈកម្មា ធិការអឺរ៉ុប (EC) បានមកវៀតណាមដើម្បីត្រួតពិនិត្យនៅទីកន្លែងជាក់ស្ដែង ហើយវាយតំលៃ ខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការប្ដេជ្ញាចិត្តដក "កាតលឿង"។ ទោះជាយ៉ាងណាក៏ដោយ បើតាម EC នៅទីកន្លែងជាក់ស្ដែង នៅតែមានបញ្ហាមួយចំនួនដែលកើតឡើង។ ដូច្នេះ EC នឹងបន្តតាមដាន និងវាយតម្លៃ។ ក្នុងរយៈពេល ៦ ខែខាងមុខ ប្រសិនបើវៀតណាមមានវឌ្ឍភាពល្អនៅលើទីកន្លែងជាក់ស្ដែង EC នឹងពិចារណា ដកកាតលឿង មុនពេលសហភាពអឺរ៉ុបរៀបចំការបោះឆ្នោតសភា៕